Google រងការពិន័យ១,៧ពាន់លានដុល្លារ ជុំវិញការរំលោភការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធអ៊ីនធើណិត
អត្ថបទដោយ៖
Kien Sereyvuth
អឺរ៉ុប៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានសម្រេចចិត្តពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់១,៧ពាន់លានដុល្លារ ដោយចោទថា បានរំលោភលើការផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញអ៊ីនធើណិត ។
ផ្អែកលើការពិន័យនេះ Google ត្រូវបានគេរកឃើញថា បានរំលោភលើច្បាប់សហភាពអឺរ៉ុប តាមរយៈការដាក់កំហិតលើលក្ខខណ្ឌនៃកិច្ចសន្យាជាមួយបណ្ដាគេហទំព័រដទៃ ដែលប្រើប្រាស់កម្មវិធីផ្សាយពាណិជ្ជកម្ម AdSense របស់ខ្លួន ម្យ៉ាងវិញទៀត Google ក៏បានរារាំងគូប្រជែងរបស់ខ្លួន មិនឱ្យដាក់ពាណិជ្ជកម្មរបស់ពួកគេនៅលើកម្មវិធី AdSense ផងដែរ។
សូមបញ្ជាក់ថា ការសម្រេចចិត្តលើកចុងក្រោយនេះ គឺមានន័យថានាពេលបច្ចុប្បន្ន សហភាពអឺរ៉ុបបានពិន័យក្រុមហ៊ុន Google ជិត១០ពាន់លានដុល្លារ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតជាច្រើន លើការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកមួយនេះ៕ធ.ដ