ប្រធានស្តីទីព្រឹទ្ធសភា អនុញ្ញាតឱ្យវរសេនីយ៍ឯក ត្រិញ វិញផា ចូលជួបសម្តែងការគួរសម
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមវរសេនីយ៍ឯក ត្រិញ វិញផា (Trinh Vinh Pha) អនុប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការទំនាក់ទំនងអតីតជំនាញការវៀតណាម និងជាអនុប្រធានសមាគមមិត្តភាពមជ្ឈិមវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម ស៊ឹម កា បានសម្តែងនូវការស្វាគមយ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដែលធ្លាប់បានបំពេញការងារនៅប្រទេសកម្ពុជានោះទេ ថែមទាំងបានរួមចំណែកដ៏ធំធេងក្នុងការពង្រឹងពង្រីកនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរថែមទៀត។
ឯកឧត្តមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺចំពេលដែលសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បានប្រារព្វខួបលើកទី២០ នៃការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ និងខួបលើកទី៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ប្រកបដោយជោគជ័យនាពេលកន្លងទៅថ្មីៗនេះ។ ក្នុងនាមព្រឹទ្ឋសភា និងក្នុងនាឯកឧត្តមផ្ទាល់ ឯកឧត្តម ស៊ឹម កា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់បណ្តាសមមិត្តអតីតអ្នកជំនាញការ អតីតកងទ័ពស្ម័គ្រចិត្ត និងសាច់ញាតិអតីតយុទ្ធជនពលីវៀតណាម ដែលបានពលិកម្ម សាច់ស្រស់ ឈាមស្រស់ តស៊ូប្រយុទ្ធក្នុងសមរភូមិយ៉ាងអង់អាចក្លាហាន ប្រកៀកស្មាយ៉ាងស្អិតរមួតជាមួយនឹងកងទ័ពបដិវត្កន៍កម្ពុជា ដើម្បីរំដោះប្រទេសកម្ពុជាឱ្យរួចផុតពីរប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។
ឯកឧត្តម ស៊ឹម កា បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាពិតជាមានសេចក្តីនឹករលឹក រំភើបរីករាយណាស់ចំពោះវត្តមានរបស់ឯកឧត្តមប្រធាន និងបណ្តាសមាជិកគណៈប្រតិភូ ហើយនៅតែចងចាំជានិច្ចរាល់អនុស្សាវរីយ៍ និងអំពើល្អរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងអំឡុងពេលពេលបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ មានប្រវត្តិជួយគ្នាទៅវិញទៅមក សហការដោយស្មោះត្រង់ក្នុងចលនាតស៊ូរំដោះប្រទេសជាតិ។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនរៀតណាម ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងធំធេង ដល់ប្រជាជនកម្ពុជានៅក្នុងអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។ ឯកឧត្តម ស៊ឹម កា បានអះអាងថា ប្រជាជនកម្ពុជានៅតែចងចាំជានិច្ចចំពោះជំនួយឧបត្ថម្ភដែលមិនអាចកាត់ថ្លៃបាន និងការគាំទ្ររបស់វៀតណាមសម្រាប់ការតស៊ូរបស់ប្រជាជនកម្ពុជាក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនាឆ្នាំ១៩៧៩ និងការរួមចំណែកដល់ការស្តា និងកសាងប្រទេសកម្ពុជាឡើងវិញ។ សមទ្ធិផលទាំងឡាយដែលប្រទេសកម្ពុជាសម្រេចបាន រហូតដល់បច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីសំណាក់ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានឡើយ។
ឯកឧត្តម បានកត់សម្គាល់ឃើញថា ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិទៀតផង។ ប្រទេសកម្ពុជាសូមប្តេជ្ញាការពារ ថែរក្សា និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម ស៊ឹម កា មានសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម ថ្វៀន ភូត្រុង ជាអគ្គលេខាធិការបក្ស ប្រជាជនវៀតណាមនឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងដំណើរការជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ ឯកឧត្តម បានលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ចទៅវិញទៅមកឱ្យបានទៀងទាត់ ដើម្បីរក្សាបាននូវទំនាក់ទំនងល្អ ក្នុងការលើកកម្ពស់ការយល់ដឹង និងការអប់រំស្តីពី មិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមវរសេនីយ៍ឯក ត្រិញ វិញផា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូនាឱកាសនេះ។ ឯកឧត្តមបានជម្រាបជូនឯកឧត្តមប្រធានស្តីទីព្រឹទ្ធភាថា គណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលនេះ គឺសុទ្ធតែជាតំណាងឱ្យអតីតកងទ័ពស្ម័គ្រចិត្ត និងសាច់ញាតិរបស់អតីតកងទ័ពវៀតណាម ដែលចូលរួមប្រយុទ្ធរំដោះប្រទេសកម្ពុជា។
ឯកឧត្តម បានរំលឹកឡើងវិញអំពីប្រវត្តិនៃទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ រហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តម បានឯភាពចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា អំពីអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលិកម្មសាច់ស្រស់ ឈាមស្រស់ តស៊ូប្រយុទ្ធក្នុងសមរភូមិ យ៉ាងអង់អាចក្លាហានប្រកៀកស្មាយ៉ាងស្អិតរមួតជាមួយនឹងកងទ័ពកម្ពុជា ដើម្បីរំដោះប្រទេសកម្ពុជាឱ្យរួចផុតពីរប្រល័យពូជសាសន៍ ប៉ុល ពត។ នេះ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លេចបាន។
ឯកឧត្តមវរសេនីយ៍ឯក ត្រិញ វិញផា មានជំនឿជឿជាក់ថា នៅគ្រប់ជំនាន់តរៀងទៅប្រជាជនកម្ពុជានឹងចងចាំនូវវីរភាពរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានតស៊ូយ៉ាងលំបាកក្នុងការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត និងចូលរួមដោយអស់ពីកម្លាំកាយចិត្ត ដើម្បីជួយស្តារប្រទេសកម្ពុជាឡើងវិញ។ សច្ចធម៌នេះ នឹងពូនជ្រុំមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ឱ្យស្ថិតស្ថេរយូរអង្វែង។
ឯកឧត្តមវរសេនីយ៍ឯក ត្រិញ វិញផា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមព្រះរាជដឹកនាំរបស់ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋភិបាល ដែលបានធ្វើឱ្យប្រជាជនកម្ពុជាបានរស់នៅប្រកបដោយសុខសន្តិភាព និងអនុវត្តសិទ្ធិសេរីភាពពេញលេញ។ ក្នុងនាមប្រជាជន និងកងព័ទស្មគ្រចិត្តវៀតណាម ឯកឧត្តមវរសេនីយ៍ឯក ត្រិញ វិញផា បានជូនពរសូមឱ្យប្រជាជន និងប្រទេសកម្ពុជា សម្រេចបាននូវការអភិវឌ្ឍធំធេងជាងនេះទៅទៀត និងជូនពរឱ្យចំណងមិត្តភាព សាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត៕ធ.ដ