គណៈកម្មាធិការ EU មកកម្ពុជា មិនមែនមកដក EBA ទេ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកស្រី Paola Pampaloni នាយករងផ្នែកគ្រប់គ្រង ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសគមន៍អឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ៗថា មន្រ្តីនៃគណៈកម្មាធិការសហគមន៍អឺរ៉ុប(EU) មកទស្សនកិច្ចនៅកម្ពុជានេះ មិនមែនមកដើម្បីសិក្សាលើនីតីវិធីបណ្តោះអាសន្ន លើប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) នោះទេ គឺមកបំពេញទស្សនកិច្ចធម្មតាតែប៉ុណ្ណោះ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោកស្រី បានថ្លែងថា ក្រុមគណៈកម្មាធិការសហគមន៍អឺរ៉ុប មកកម្ពុជានាពេលនេះ មិនមានអ្វីប្លែកនោះទេ គឺធ្វើឡើងតាមការកាលបរិច្ឆេទនៃកម្មវិធី ដែលបានដាក់ចេញរបស់ពួកគាត់ ដែលមានចែងក្នុងសហភាពអឺរ៉ុប នៅពេលកន្លងមក។

លោកស្រី មានប្រសាសន៍ថា “ខ្ញុំបញ្ជាក់ហើយ បញ្ជាក់ទៀតថា គណៈប្រតិភូដែលមកកម្ពុជានាពេលនេះ គឺមិនមែនមកដក EBA ពីកម្ពុជានោះទេ គឺមកធ្វើការជាមួយគ្នា បើកកិច្ចសន្ទាជាមួយគ្នា ស្វែងរកចំណុចរួមដើម្បីបង្កើន ស្វែងរកចំណុចរួម ចំណុចដោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងសហភាពអឺរ៉ុប ដើម្បីបម្រើផលប្រយោជន៍រួម រវាងប្រទេសទាំងពីរៗ”។ លោកស្រីបន្ដថា EU ចង់បង្កើនភាពជាដៃគូឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត ជាមួយកម្ពុជា ដូច្នេះ EUបន្តនូវអ្វីដែល EU បានជួយនាពេលកន្លងមក។

ក្នុងជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង បានស្វាគមន៍ចំពោះគណៈប្រតិភូ ហើយក៏បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកសង្គមស៊ីវិល គឺជាដៃគូ ហើយតែងតែខិតខំធ្វើយ៉ាងណាលើកកម្ពស់ភាពជាដៃគូវាងភាគីទាំងពីរ។ សម្តេចបញ្ជាក់ថា ចំពោះភាគីជាដៃគូនេះ រាជរដ្ឋាភិបាលបានបង្កើតជាវេទិកា ដែលជាក់ស្តែងនោះ បានធ្វើពីរលើកមកហើយ ដោយលើកទី១ រៀបចំដោយក្រសួងមហាផ្ទៃ និងលើកទី២ រៀបចំដោយក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ។ វេទិកានេះ ក៏បានបើកពិភាក្សាគ្នារវាងភាគីសង្គមស៊ីវិល និងភាគីរាជរដ្ឋាភិបាល។ 

ឆ្លើយតបនឹងការលើកឡើង លោកស្រី Paola Pampaloni បានឯកភាពចំពោះលើកឡើងនេះ ហើយថា កន្លងមកនេះ រាជរដ្ឋាភិបាលលើកកម្ពស់ក្នុងការចូលរួមពីភាគីសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល តាមរយៈយន្តការនានា ក្នុងការជួយដោះស្រាយបញ្ហាដែលជាក្តីកង្វល់ផ្សេងៗផងដែរ។ ចំពោះករណីការចូលរួមសកម្មភាពនយោបាយវិញ លោកស្រីបានលើកឡើងថា សម្រាប់សហភាពអឺរ៉ុប មិនគាំទ្រចំពោះបុគ្គលណាមួយ ឬគណបក្សនយោបាយណាមួយទេ ប៉ុន្តែអ្វីដែលសហភាពអឺរ៉ុបចង់បាននោះ គឺចង់បានមានការចូលរួមពីគ្រប់ភាគី ដើម្បីរួមគ្នាអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងការចង់បានរបស់សហភាពអឺរ៉ុបនោះ សម្តេចក្រឡាហោម ស ខេងបានបញ្ជាក់ថា «ទោះបីជាដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ពុំទាន់មានភាពល្អឥតច្ចោះយ៉ាងក៏ដោយ  តែដំណើរលិទ្ធប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ឬសរួចទៅហើយ។ កម្ពុជាមិនអាចបោះបង់ផ្លូវប្រជាធិបតេយ្យបានទេ ហើយអ្វីសំខាន់នោះ គឺគោលការណ៍លទ្ធិប្រជាធិបតេយ្យបានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជារួចហើយ»។

សម្តេចក៏បានគូសបញ្ជាក់ប្រាប់ទៅកាន់គណៈប្រតិភូសហភាពអឺរ៉ុបទៀតថា អ្វីដែលគ្មានអ្នកណាប៉ះពាល់បាននោះ គឺរបបរាជនិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ជាងនេះ រាជរដ្ឋាភិបាលបានធ្វើការបែងចែកនូវអំណាច ដែលពីមុនប្រមូលផ្តុំនៅថ្នាក់ជាតិ ទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ សម្តេចក្រឡាហោម ស ខេងក៏បានបញ្ជាក់ជូន គណៈប្រតិភូថា  អ្វីៗទាំងអស់រាជរដ្ឋាភិបាលបានកំពុងខិតខំធ្វើយ៉ាងដូចអ្វីដែលរាជរដ្ឋាភិបាលចេញក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨កន្លងមក ដែលក្នុងនោះក៏មានចែងអំពីអង្គការសង្គមស៊ីវិល  គណបក្សនយោបាយ បញ្ហាសិទ្ធិការងារ បញ្ហាដីធ្លី។ សម្តេចបញ្ជាក់ថា «នេះហើយដែលរាជរដ្ឋាភិបាកដាក់ចេញ ហើយកំពុងអនុវត្តន៍ ហើយបន្តធ្វើការជាតំណាក់កាលៗជាបន្តបន្ទាប់ »។

សម្តេចគូសបញ្ជាក់ទៀតថា កម្ពុជាត្រូវការមិត្តមកពីគ្រប់ទិសទីទាំងអស់ មិនថាមកពីសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ចិន នោះទេ ឬមិនថានៅតំបន់ណា ក្រៅតំបន់អាស៊ាន ឬក្នុងតំបន់អាស៊ាន គឺកម្ពុជាត្រូវការមិត្តទាំងអស់។ ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចនៅកម្ពុជានោះ នឹងអាចស្វែងដំណោះស្រាយរួមមួយ សម្រាប់ប្រជាជនកម្ពុជា និងសហភាពអឺរ៉ុប»៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner