នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងករណីគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះថា ជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ព្រែកប្រា និងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកថ្មី ឃាត់ខ្លួននៅចំណុច២ទីតាំងផ្សេងគ្នា ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។
សមត្ថកិច្ចឲ្យដឹងថា ករណីទី១)នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ សុខ គីមហោ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិកោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់ធំល្មម និងម៉ូតូ០១គ្រឿង។
ចំណែកករណីទី២)នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ នៅផ្ទះគ្មានលេខ ភូមិព្រែកថ្មី១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យ ទី១)ឈ្មោះហេង ប្រុស ភេទ ប្រុស អាយុ៤៥ឆ្នាំ ទី២)ឈ្មោះស៊ឹម ណាង ភេទ ប្រុស អាយុ២៧ឆ្នាំ ទី៣)ឈ្មោះហ៊ុន ចិន្តា ភេទ ប្រុស អាយុ៣៤ឆ្នាំ និងទី៤)ឈ្មោះកែវ និត ភេទប្រុស អាយុ៣៤ឆ្នាំ (ជនសង្ស័យទាំង០៤នាក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ)។ ចំណែកវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០២កញ្ចប់ថង់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន០២កំប្លេ។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ចូនបន្តទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ធ.ដ