រថយន្តពីរគ្រឿងបុកគ្នាត្រង់ផ្លូវបែកជាបួន នៅខណ្ឌសែនសុខ
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស RX-330 មួយគ្រឿង ជ្រុលទៅបុករថយន្តម៉ាកKlA របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ត្រង់ចំណុចផ្លូវបែកជាបួន រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅមុខភោជនីយដ្ឋាន ស្វីត ថោន ផ្លូវ១០០៧កែងនឹងផ្លូវ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស RX-330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8324 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨០ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួន ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក KIA ក្រុមហ៊ុនស្រាបៀរកម្ពុជា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AF-4082 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ១០០៧ ទិសដៅពីជើងទៅត្បូង ចំទ្វាររថយន្តខាងមុខខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តឡិចស៊ីស ក៏ខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា បន្ទាប់មកភាគីទាំងសងខាងបានចុះពីលើរថយន្តប្រកែកគ្នាយកត្រូវរៀងៗខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបត្រូវគ្នា ដោយភាគីទាំងសងខាងមិនមានខាងណាសងខាងណាទេ គឺបានយករថយន្តទៅជួសជុលរៀងៗខ្លួន៕ធ.ដ