បុរសម្នាក់វាយជញ្ជាំងបង្គន់មិនប្រយ័ត្ន បណ្ដាលឲ្យរលំសង្កត់ស្លាប់
ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ កំពុងវាងជញ្ជាំងថ្មបង្គន់ បានបាក់សង្កត់ផ្ទប់ជញ្ជាំងម្ខាងទៀតបែកក្បាលស្លាប់មួយរំពេច កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅការដ្ឋានមួយកន្លែង ក្នុងភូមិខ១ សង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ។ ជនរងគ្រោះឈ្មោះ ធឿន ថុន អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ មានកូនស្រីក្នុងបន្ទុកគ្រួសារ២នាក់ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំចម្រេះទី២ ខណ្ឌឬស្សីកែវ។
តាមប្រពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើត កម្មករសំណង់២នាក់ បានវាយផ្ទះចាស់ដោយវាយជិតរួចអស់ហើយ នៅតែជញ្ជាំងបង្គន់ប៉ុណ្ណោះ ហើយពួកគាត់បានវាយម្តងម្នាក់ ស្រាប់តែពេលជនរងគ្រោះវាយជញ្ជាំងបង្គន់នោះ ក៏បាក់មួយផ្ទាំងធំរលំសង្កត់លើខ្លួនផ្ទប់ជញ្ជាំងម្ខាងទៀត បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើត។ ភ្លាមៗនោះដែរ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ជួយគាស់ចេញតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ក្រោយពេលកើតហេតុ សពត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅផ្ទះ និងប្រាប់សមត្ថកិច្ចឲ្យចុះពិនិត្យផងដែរ៕ម.ន