បង្ក្រាបក្រុមជនសង្ស័យរក្សាទុកថ្នាំញៀនចំនួន៦នាក់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាលរបស់លោកបានបង្ក្រាបជាក់ស្តែង ក្រុមជនសង្ស័យគ្រឿងញៀនជាបន្តបន្ទាប់ចំនួន៦នាក់ ដកហូតសម្ភារប្រើប្រាស់ និងថ្នាំញៀនបម្រើឲ្យសកម្មភាពជក់មួយចំនួនទៀត ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀន។

លោកបានបញ្ជាក់ថា ការតាមបង្ក្រាបជនសង្ស័យទាំង៦នាក់ បានបើកប្រតិបត្តិការក្នុង២ករណីផ្សេងគ្នា ដែលស្ថិតនៅក្រុមទី៧ ភូមិក សង្កាត់ច្រាំងចម្រេះ២ និងក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។ លោកបានឲ្យដឹងថា ជនសង្ស័យទី១)កូរ៉ា ហ្សាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ទី២)ឈ្មោះ ហេងងួន ភេទប្រុស អាយុ១៨ឆ្នាំ ទី៣)ឈ្មោះ ឯល មហា ម៉ាក់ អាហីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ទី៤)ឈ្មោះ ហីម សានី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម។ ជនសង្ស័យទាំង៤នាក់ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងក្រុមទី៦ ក្រុមទី៧ ភូមិក សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឯជនសង្ស័យ២នាក់ទៀតឈ្មោះ សា រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិអ៊ីស្លាម ទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណាល និងម្នាក់ទៀតឈ្មោះ វ៉េង សំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ជាមួយគ្នានេះ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ សូមអំពាវនាវដល់ស្រទាប់យុវជន គួរត្រូវជៀសឲ្យឆ្ងាយពីការសេពគ្រឿងញៀន ដែលបង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួន ដូចជាបាត់បង់សមត្ថភាពក្នុងការរៀនសូត្រ សមត្ថភាពក្នុងការបំពេញការងារ បាត់បង់អាជីព ចំណូលគ្រួសារថយចុះ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យកិត្តិយសគ្រួសារអាប់ឱនជាដើម។ លោកបន្តថា ក្រៅពីបង្កើតឲ្យមានផលវិបាកចំពោះគ្រួសាររបស់ខ្លួននោះ គ្រឿងញៀនបានបង្កឲ្យមានផលវិបាកផ្សេងៗទៀតដល់សហគមន៍ និងសង្គមជាតិដូចជាបង្កើនជំងឺ ចំណាយលើបញ្ហាសុខភាព បន្ថយសមត្ថភាព ដែលបង្កឲ្យមានជាឧក្រិដ្ឋកម្ម ឃាតកម្ម ចោរកម្ម អសន្តិសុខ។ល។

បច្ចុប្បន្ន ជនសង្ស័យចំនួន៦នាក់ខាងលើ រួមនឹងវត្ថុតាង ប្រភេទក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner