ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជូនជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀន៥នាក់ ទៅតុលាការ
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងចែកចាយគ្រឿងញៀន រួមនឹងវត្ថុតាង ត្រូវបានលោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីផ្តន្ទាទោស។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ រ៉ៃ នៀល ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ២)ឈ្មោះ គុំ ភក្តី ភេទប្រុស អាយុ៣៦ឆ្នាំ ៣)ឈ្មោះ ហ៊ូត លូ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិនីពេជ ឃុំនីពេជ កំពង់ស្វាយ ខេត្តកំពង់ធំ ៤)ឈ្មោះ សឿន សល់ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិប្រាសាទ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ និង៥)ឈ្មោះ កែវ ក្សាន្តផល្គុន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិសៀមណាយ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន២កញ្ចប់ និងទូរសព្ទ២គ្រឿង។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរដល់អាណាព្យាបាលមានការសង្ស័យជាមួយបុត្រាបុត្រី ប្រើប្រាស់សារធាតុញៀនខុសច្បាប់ សូមទំនាក់ទំនងជាមួយមន្ត្រីជំនាញនៅមូលដ្ឋាន ឬអាចមកជំនាក់ទំនងជាមួយមន្រី្តជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីធ្វើស្វែងរកសារធាតុញៀនខុសច្បាប់ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅពេលដែលមានសកម្មភាពបទល្មើសគ្រឿងញៀន កើតមានឡើងក្នុងមូលដ្ឋានរបស់បងប្អូន ដើម្បីឲ្យសមត្ថកិច្ច មានមូលដ្ឋានឈានទៅបង្ក្រាបមានប្រសិទ្ធភាព និងលុបបាត់បទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕ម.ន
ដោយៈ ប៊ុន រដ្ឋា