ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ចំណាយថវិកាជិត៧០ម៉ឺនដុល្លារអាម៉េរិក លើគម្រោងសាលាស្អាត ដើម្បីលើកស្ទួយវិស័យអប់រំតាមរយៈការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្តីពីគម្រោងសាលាស្អាត ឆ្នាំ២០១៨-២០១៩ របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកបានបញ្ជាក់ថា ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ចំណាយថវិការជិត៧០ម៉ឺនដុល្លារអាម៉េរិក លើគម្រោងសាលាស្អាត ដើម្បីលើកស្ទួយវិស័យអប់រំតាមរយៈការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅតាមសាលារៀនចំនួន១០ក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបងក្នុងឆ្នាំ២០១៨ និងប្រកាសបើកគម្រោងថ្មីនៅខេត្តសៀមរាប និងបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០១៩នេះ។
លោកឧកញ៉ា បានឲ្យដឹងថា គម្រោងសាលាស្អាត គឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀនទូទាំងប្រទេស ដែលត្រូវបានផ្តួចផ្តើមចាប់តាំងពីឆ្នាំ២០១៦ ដោយក្រុមហ៊ុនក្នុងវិស័យអប់រំ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពសាលារៀននៅទូទាំងប្រទេស ឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុនសម្រាប់សិស្សានុសិស្ស។ លោកឧកញ៉ា បន្តទៀតថា ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការលើកស្ទួយវិស័យអប់រំ ហើយគម្រោងសាលាស្អាត គឺជាការចូលរួមមួយផ្នែកក្នុងវិស័យអប់រំ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀន ដើម្បីផ្តល់នូវកន្លែងអប់រំ ដែលមានបរិកាសល្អប្រសើរសំរាប់សិស្សានុសិស្ស។ លោកឧកញ៉ា លាង ឃុន បញ្ជាក់ទៀតថា គម្រោងសាលាស្អាត និងចូលរួមចំណែកជួយដល់សិស្សានុសិស្សនៅតំបន់ទាំងនោះ ឲ្យមានសាលារៀនសមរម្យ មានចំណេះដឹង និងសម្រេចបាននូវកី្តសុបិននាថ្ងៃអនាគត ព្រមទាំងក្លាយទៅជាធនធានមនុស្សដ៏ល្អ ដើម្បីរួមចំណែកជួយដល់សង្គម និងប្រទេសជាតិទាំងមូល។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន បានចំណាយទឹកប្រាក់សរុបជិត៤០ម៉ឺនដុល្លារអាម៉េរិក សម្រាប់គម្រោងសាលាស្អាត នៅតាមសាលារៀនចំនួន៤ក្នុងរាជធានីភ្នំពេញ និង៦ទៀត ខេត្តបាត់ដំបង។ ក្រុមហ៊ុននឹងបន្តកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនៅតាមសាលារៀនចំនួន៥ក្នុងខេត្តបន្ទាយមានជ័យ និង៥ទៀត ក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ ដែលនឹងចំណាយទឹកបា្រក់សរុប៣០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក៕ម.ន






