រដ្ឋបាលខេត្តកំពង់ឆ្នាំង បំពាក់ឯកសណ្ឋាន មួកសុវត្ថិភាពដល់អ្នករត់ម៉ូតូឌុប ដើម្បីលើកសោភ័ណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅក្រុងកំពង់ឆ្នាំង
ដើម្បីធានាបាននូវសោភ័ណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបំពាក់ឯកសណ្ឋាន និងមួកសុវត្ថិភាព ដល់អ្នករត់ម៉ូតូឌុប នៅក្រុងកំពង់ឆ្នាំង ចំនួន២០០នាក់។ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានឲ្យដឹងថា ដើម្បីជំរុញការផ្សព្វច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយបន្ថែមទៀត អ្នករត់ម៉ូតូឌុប នៅខេត្តកំពង់ឆ្នាំង ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា រាល់ពេលធ្វើដំណើរ និងឌុបភ្ញៀវលើផ្លូវសារធារណៈ។ នេះជាលើកទី២ ដែលអាជ្ញាធរខេត្តបានរៀបចំឲ្យមានឯកសណ្ឋាន ជាកំណត់សំគាល់សម្រាប់ ក្រុមម៉ូតូឌុប និងរ៉ឺម៉កម៉ូតូ ដើម្បីសោភ័ណភាព និងចូលរួមអបអរសាទរបុណ្យទន្លេ លើកទី៥ នាថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ នៅក្រុងកំពង់ឆ្នាំង។
ក្នុងឱកាសសំណេះសំណាលនាពេលនេះ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា បានកោតសរសើរដល់អាជ្ញាធរខេត្តដែលបានរៀបចំឲ្យអ្នកប្រកបរបររត់ម៉ូតូឌុប និងម៉ូតូ មានឯកសណ្ឋាននេះ ជាការចូលរួមចំណែកប្រឡង ប្រណាំងទីក្រុងសា្អត ធ្វើយ៉ាងណារក្សាបាននូវសោភ័ណភាព នៅក្នុងខេត្តសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចំណុចសំខាន់គឺចូលរួមអបអរសាទរបុណ្យទន្លេខាងមុខ ដោយរក្សាបាននូវសណ្តាប់ធ្នាប់ប្រកបដោយសុជីវធម៌ គុណធម៌របស់អ្នករត់ម៉ូតូឌុប។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស នឹងផ្តល់ឱកាសឱ្យ យើងបានធ្វើការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានារួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត តាំងពីទីប្រជុំជន រហូតដល់ជនបទ ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ដើម្បីបង្ហាញឲ្យឃើញអំពីការប្រែប្រួលនៃការអភិវឌ្ឍនេះ ការប្រកបមុខរបររត់ម៉ូតូឌុប ក៏ត្រូវមានអត្តសញ្ញាណមួយច្បាស់លាស់ សម្រាប់សម្គាល់ផង ដែរ ដើម្បីងាយស្រួលភ្ញៀវជាតិ និងអន្តរជាតិ ទំនាក់ទំនងក្នុងការផ្តល់នូវសេវាកម្មម៉ូតូឌុបនេះ។ ឯកឧត្តម ថោង ខុន ក៏បានអំពាវនាវ ដល់ក្រុមម៉ូតូឌុបទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ជាប្រចាំ ហើយត្រូវធ្វើជាគំរូល្អ ក្នុងការអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក។
សូមបញ្ជាក់ថា លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន២០០ និងលោក យិន សាវេន អភិបាលក្រុងកំពង់ឆ្នាំង បានឧបត្ថម្ភអាវចំនួន២០០ផងដែរ៕




