ប្រធានាធិបតីចិនបង្ហោះសាររំលែកទុក្ខទៅកាន់ប្រទេសអេត្យូពី និងកេនយ៉ា ក្រោយកើតមានករណីធ្លាក់យន្តហោះផ្តាច់ជីវិតមនុស្ស១៥៧នាក់

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃចន្ទនេះ បានបង្ហោះសាររំលែកទុក្ខជូនប្រធានាធិបតីអេត្យូពីលោកស្រី Sahle-Work Zewde ក៏ដូចជាសមភាគីកេនយ៉ា លោក Uhuru Kenyatta ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។

សូមបញ្ជាក់ថា យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Ethiopian Airlines បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាននៃរដ្ឋធានី អេដឌីស អាបាបា របស់ប្រទេសអាហ៊្វ្រិកកណ្តាលអេត្យូពី សំដៅទៅកាន់រដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា បណ្តាលឱ្យមនុស្ស១៥៧នាក់ស្លាប់ ក្នុងនោះមានអ្នកដំណើរ១៤៩នាក់ និងក្រុមបម្រើការងារលើយន្តហោះ០៨នាក់។

បើតាមការសន្និដ្ឋានបឋម បញ្ហាបច្ចេកទេសមួយចំនួននៃគ្រឿងម៉ាស៊ីន ឬប្រព័ន្ធបញ្ជាទិសអាចជាមូលហេតុនៅពីក្រោយសោកនាដកម្មនេះ ហើយវាក៏ជាលើកទី២ផងដែរ ដែលយន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ បន្ទាប់ពីយន្ដហោះប្រភេទនេះលើកដំបូង បានធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ដោយបានផ្ដាច់ជីវិតមនុស្សទាំងអស់១៨៩នាក់។ ដោយឡែកបើតាមស្ថានីយទូរទស្សន៍រដ្ឋអេត្យូពីនៅថ្ងៃចន្ទនេះ ប្រអប់ខ្មៅមួយរបស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ដែលបានធ្លាក់ក្នុងដំណើរផ្លូវហោះហើរទៅកាន់ប្រទេសកេនយ៉ា ត្រូវបានក្រុមជំនាញរកឃើញហើយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner