អគ្គិភ័យលេបត្របាក់ផ្ទះស្តុកគ្រឿងអគ្គិសនីមួយល្វែង នៅខណ្ឌចំការមន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ផ្ទះជនជាតិចិនមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីឆ្លងចរន្តអគ្គិសនីនៅជាន់ទី១ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ នៅផ្ទះលេខ២៩BA ផ្លូវលេខ៣៤៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន  រាជធានីភ្នំពេញ។ ផ្ទះជនជាតិចិនប្តីប្រពន្ធ គឺសម្រាប់ស្តុកអីវ៉ាន់គ្រឿងអគ្គិសនី ហើយចាក់សោចោលមិននៅផ្ទះ។

តាមប្រពភពីប្រជាពលរដ្ឋដែលរស់នៅជាប់ផ្ទះកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់៥ទៅ៦នាក់ បានឃើញផ្សែងហ៊ុយចេញពីផ្ទះកើតហេតុជាន់ទី១ ពេលនោះក៏មានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ក៏ស្រាប់តែមានឮសំឡេងផ្ទុះចេញពីជាន់ទី១ ដែលជាកន្លែងស្តុបអីវ៉ាន់សម្រាប់លក់។

បន្ទាប់មកពួកគាត់ក៏ឃើញមានផ្សែងហុយខ្មួលខ្មាញ់លាយឡំនឹងអណ្តាតភ្លើង ក៏ប្រញាប់ប្រញាល់នាំគ្នាដួសទឹកជះពន្លត់ តែដោយមិនរលត់ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គិភ័យបានចុះមកជួយអន្តរាគមន៍បាញ់ពន្លត់។ ប៉ុន្តែដោយជាន់ទី១ ជាជាន់ដែលស្តុបកអីវ៉ាន់ពេញណែន មានទាំងជ័រ ក្រដាស់ឡាំ និងសម្ភារអគ្គិសនីផ្សេងៗទៀត ទើបធ្វើឲ្យពិបាកបាញ់ទឹកពន្លត់បាន។

ការបាញ់ទឹកពន្លត់អស់រយៈពេលប្រមាណជាង២ម៉ោង ទើបភ្លើងបានរលត់ទៅវិញជាស្ថាពរនៅម៉ោង១១និង៣០នាទីយប់ថ្ងៃខែ ឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២៤គ្រឿង។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យថា ភ្លើងកំពង់តែឆាបឆេះ ក៏ស្រាប់តែឃើញពីនាក់ប្តីប្រពន្ធ ជាជនជាតិចិនមកដល់កន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ដើម្បីសួរនាំ។ សមត្ថកិច្ចបន្ថែមទៀតថា ករណីអគ្គិភ័យនេះ មិនបានបង្កឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ គ្រាន់តែរោលផ្សែងខ្មៅតែប៉ុណ្ណោះ គឺខូតខាតតែសម្ភារគ្រឿងអគ្គិសនីសម្រាប់លក់មួយចំនួនធំ ដែលនៅជាន់ទី១។ ចំពោះមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner