ក្រុមយុវជន Cambodia Amazing Trip Planner បោះជំរំតង់ ចូលរួមលើកកម្ពស់ការការពារធនធានធម្មជាតិក្នុងតំបន់រាមសារ

ក្នុងបំណងបំផុសគំនិតឲ្យយុវជន និងប្រជាពលរដ្ឋទូទៅឲ្យចេះស្រឡាញ់ និងថែរក្សាការពារធនធានធម្មជាតិ នៅក្នុងព្រះរាជាណាចក្រម្ពុជា ក្រុមយុវជន ខេមបូឌា អាមេហ្ស៊ីង ទ្រីប ផ្លេនន័រ( Cambodia Amazing Trip Planner) កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ បានធ្វើដំណីរទស្សនាចរមកកាន់រមណីយដ្ឋានកោះហាន ដែលជាកោះខ្សាច់មួយ ក្នុងចំណោមកោះខ្សាច់ជាច្រើននៅក្នុងតំបន់រាមសារនៃកណ្តាលទន្លេមេគង្គលើ ក្នុងភូមិ កោះស្នែង សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។ លោក សា ឌីណា ស្ថាបនិកក្រុមយុវជន Cambodia Amazing Trip Planner បានមានប្រសាសន៍ថា ក្រុមរបស់លោកបានធ្វើដំណើរបោះជំរំតង់ជាផ្លូវការណ៍ក្នុងតំបន់ រមណីយដ្ឋានល្បីៗ នៅតាមតំបន់នានាក្នុងប្រទេសកម្ពុជាបាន២៥លើករួចមកហើយ ដោយមានការចូលរួមគាំទ្រពីក្រសួងបរិស្ថាន ហើយសម្រាប់ការធ្វើដំណើរមកកាន់ខេត្តស្ទឹងត្រែងនេះ ជាលើកទី២ហើយ។

លោកបញ្ជាក់ថា ការធ្វើដំណើរមកបោះជំរំតង់ក្នុងខេត្តស្ទឹងត្រែងនេះ មិនត្រឹមតែជាការមកលេងកម្សាន្តទេ ប៉ុន្តែវាជាការលើកទឹកចិត្ត និងជំរុញដល់ប្រជាសហគមន៍ក្នុងតំបន់នេះ ក៏ដូចជាមហាជនទូទៅ និងយុវជនដែលបាន ចូលរួមក្នុងគ្រួសារជំរំតង់របស់លោក ឲ្យចេះស្រឡាញ់ និងចេះថែរក្សា ជាពិសេសចូលរួមសាមគ្គីគ្នាដើម្បីការពារធនធានធម្មជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

លោក ផយ វណ្ណា សមាជិកសហគមន៍ទេសចរណ៍ព្រះរំកិល បានគាំទ្រចំពោះការលើកឡើងរបស់ស្ថាបនិកក្រុមយុវជនខាងលើ ដែលបានលើកឡើងពីការចូលរួមសាមគ្គីគ្នាថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួម។ លោក ថាទាំងនេះហើយវាជាអ្វីដែលប្រជាសហគមន៍ក្នុងតំបន់ របស់លោកចង់បាន ព្រោះនៅពេលដែលធនធានធម្មជាតិ និងបរិស្ថាន នៅតាមរមណីយដ្ឋានយើងថែរក្សាបានល្អ វាជាសក្តានុពលដ៏មានសារៈសំខាន់ ដើម្បីទាក់ទាញឲ្យ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងតំបន់យើង ដែលជាប្រភពចំណូលរបស់សហគនម៍ជាអចិន្ត្រៃយ៍។

សូមបញ្ចាក់ថាតំបន់រាមសារ  មានវិសាលភាព១៤៦០០ហិកតា មាន៣ឃុំ និង១សង្កាត់ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ នៃក្រុងស្ទឹងត្រែង និងមាន២៦សហគមន៍នៅក្នុងតំបន់នេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner