ទំនិញមានជាតិគីមី និងទំនិញខូចគុណភាព ជិត៣០គីឡូក្រាម ត្រូវបានដកហូតយកទៅកម្ទេចចោល

ស្ទឹងត្រែង៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យ និងស្វែងរកសារធាតុគីមីហាមឃាត់នៅលើបន្លែ ផ្លែឈើ និងទំនិញខូចគុណភាព ដែលដាក់ លក់នៅក្នុងផ្សារអូរឫស្សី ខេត្តស្ទឹងត្រែងដើម្បីធានា និងការពារដល់សុវត្ថិភាពអ្នកប្រើប្រាស់។ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដើម្បីថែរក្សា និងការពារ ទៅដល់សុវត្ថិភាពអ្នកបរិភោគ ចំណីអាហារ មន្ត្រីជំនាញ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានសហការគ្នាជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះទៅដល់ទីតាំងលក់ដូរ របស់អាជីវកក្នុងផ្សារអូរឫស្សី ក្រុងស្ទឹងត្រែង ដើម្បីត្រួតពិនិត្យមើលបន្លែផ្លែឈើ ត្រី សាច់ គុយទាវ ក្រែងមានផ្ទុកនូវសារធាតុគីមី និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោកថា ប្រសិនបើមន្ត្រីជំនាញពិនិត្យរកឃើញ នូវទំនិញណាមានផ្ទុកនូវសារធាតុគីមី និងហួសកាលបរិច្ឆេទ មន្ត្រីជំនាញនឹងដកហូតកម្ទេចចោលតែម្តង និងណែនាំឲ្យអាជីវករបញ្ឈប់លក់នូវទំនិញទាំងនោះបន្តទៀត។ តែបើក្នុងករណីមន្ត្រីជំនាញ ចុះពិនិត្យ ឃើញអាជីវករដដែល លក់ដូរទំនិញបែបនេះទៀត នឹងមានវិធានការទៅតាមផ្លូវច្បាប់។

លោកបានពន្យល់ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ អំពីការលាងសំអាតបន្លែ ដោយលោកហាមមិនឲ្យយកទឹកអំបិលទៅលាងបន្លែឡើយ ព្រោះវាមិនបានជួយសំអាតកាកសំណល់កសិកម្មនៅក្នុងបន្លែទេ ផ្ទុយមក វិញជាតិអំបិលវារឹតតែជំរុញឲ្យជាតិគីមីចូលក្នុងបន្លែថែមទៀត។ លោកណែនាំឲ្យលាងបន្លែជាមួយចរន្តទឹកហូរ និងបើកក្បាលរ៉ូម៉ាណេទឹកបង្ហូរលាងទើបស្អាតល្អ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យទំនិញ ក្នុងផ្សារអូរឫស្សីខេត្តស្ទឹងត្រែងនាពេលនេះ មន្ត្រីជំនាញ បានរកឃើញ និងដកហូតមីកំប៉ុងម៉ាកម៉ាម៉ាមួយចំនួន ដែលហួសកាលបរិច្ឆេទ និងចាហ៊ួយខ្មៅ មានដាក់សារធាតុគីមីបូរ៉ាក់ ចំនួន២៧គីឡូក្រាមយកកម្ទេចចោល៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner