កុមារីរងគ្រោះដាច់ដៃដោយសារម៉ាស៊ីនកិនឥដ្ឋ ទទួលថវិកាឧបត្ថម្ភពីស្នងការខេត្តកណ្ដាល និងសប្បុរសជន

កណ្ដាល៖ រសៀលថ្ងៃចន្ទ ទី១១ ខែមីនាឆ្នាំ២០១៩នេះ ឯកឧត្តមឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បាននាំយកថវិកាផ្ទល់ខ្លួន រួមទាំងថវិកាមួយចំនួនទៀតពីរសប្បុរសជននាៗ រួមមាន៖ មន្រ្តីប៉ូលិស មន្រ្តីតុលាការ អ្នកសារព័ត៌មានក្នុងខេត្តកណ្ដាល យកទៅជួយឧបត្ថម្ភកុមារីរងគ្រោះដាច់ដៃដោយសារម៉ាស៊ីនកិនឥដ្ឋ នៅក្នុងស្រុកខ្សាច់កណ្ដាល ហើយកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផា។

ដោយមើលឃើញថា កុមារីរងគ្រោះមានជីវភាពខ្វះខាតនូវការព្យាបាល និងទុកលំបាករបស់អណាព្យាបាលផងនោះ ឯកឧត្ដមឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បានអំពាវនាវរកសប្បុជនដែលមានបំណងចង់ជួយឧប្បត្ថម្ភដល់កុមារីរងគ្រោះ តាមលោកស្នងការ ឬក៏យកទៅផ្ទល់តែម្តង ដែលកុមារីរងគ្រោះពេលនេះ បាននិងកំពុងព្យាបាលនៅមន្ទីពេទ្យគុន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ទោះមិនបានច្រើនក្ដីក៏ជាទឹកចិត្តដ៏ថ្លៃថ្លាដែលកើតចេញពីរចិត្ដពិតៗ។

ថវិកាដែលបងប្អូនសប្បុរសជនចូលរួមបានសរុបចំនួន៦.៩៣០.០០០រៀល (ប្រាំមួយលានកៅសិបបីលានរៀល) បានយកទៅជូនកុម៉ារីរងគ្រោះផ្ទាល់នៅមន្ទីរពេទ្យគុន្ធបុប្ផានៅវេលាម៉ោងពីររសៀលនេះ។ លោកស្នងការក៏បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបានចូលរួមជាថចវិកាផ្ទាល់ខ្លួនក្នុងនាមខ្មែរចេះជួយគ្នាក្នុងគា្រមានអាសន្ន និងសូមជូនពរដល់កុមារីរងគ្រោះឲ្យ ឆាប់ជាសះស្បើយ។

គួរបញ្ជាក់ផងដែរថា ករណីចូលដៃក្នុងម៉ាស៊ីនកិនឥដ្ឋ កើតហេតុតាំងពីថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩:៣០នាទី នៅសិប្បកម្មឡឥដ្ឋភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ កុមារីជនរងគ្រោះឈ្មោះ ឆេង ស្រីភ័ក្រ អាយុ០៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (របួសដាច់ដៃខាងស្តាំត្រឹមក្លៀក)។ ឪពុកឈ្មោះ ឆេង ប៊ុនហំ អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ៣៣ឆ្នាំ (អ្នកទាំង២ មានមុខរបរ កម្មករឡឥដ្ឋ មានទីលំភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៧:០០នាទី ឈ្មោះ ឆេង ប៊ុនហំ និងប្រពន្ធ បានបញ្ឆេះម៉ាស៊ីនកិនឥដ្ឋ ដោយឈ្មោះ ឆេង ប៊ុនហំ ជាអ្នកចាក់ដីបោះចូលម៉ាស៊ីន ឯប្រពន្ធ និងកូនស្រីឈ្មោះ ឆេង ស្រីភ័ក្រ ជាអ្នកកាត់ឥដ្ឋចេញពីម៉ាស៊ីន និងរៀបឥដ្ឋដាក់លើរទេះយកទៅហាល។ លុះដល់វេលាម៉ោង៩:៣០ នាទី ថ្ងៃដដែល ពេលឥដ្ឋពេញរទេះ ឈ្មោះ ឆេង ប៊ុនហំ បានអូសរទេះយកឥដ្ឋទៅរៀបហាលថ្ងៃ ពេលកំពុងរៀបឥដ្ឋដាក់ហាល ស្រាប់តែឃើញកូនស្រីចូលដៃខាងស្តាំទៅក្នុងម៉ាស៊ីនកិនឥដ្ឋ ឃើញដូចនោះខ្លួន និងកម្មករឡឥដ្ឋនៅក្បែរនោះ បាននាំកូនបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក បន្ទាប់មកមន្ទីរពេទ្យបង្អែកស្រុក បានបញ្ចូនបន្តទៅព្យាបាលនៅពេទ្យរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា បច្ចុប្បន្នកុមារីរងគ្រោះ នៅមិនទាន់ផុតពីគ្រោះភ័យនៅឡើយទេ នេះបើតាមសម្ដីវេជ្ជបណ្ឌឹតបានប្រាប់។ ចំពោះឯកឧត្ដមស្នងការ មានក្តីអាណិតអាសូរចំពោះករណីនេះ ព្រមទាំងមានវិធានការឲ្យកម្លាំងប៉ូលិស ចុះត្រួតពិនិត្យគ្រប់សិបកម្មឡឥដ្ឋ ហាមដាច់ខាតមិនអនុញ្ញាតឲ្យកុមារតូចៗ ក្រោមអាយុ១៨ឆ្នាំ ទៅធ្វើពលកម្មនៅទីនោះបានឡើយ៕ម.ន

ដោយៈ ខាត់ សុខឿន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner