ហិង្សាក្នុងគ្រួសារ ប្តីកាប់ប្រពន្ធជាច្រើនកាំបិត រងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ធ្វើឲ្យប្តីយកកាំបិតតាំងតោ កាប់ទៅលើប្រពន្ធត្រូវជាច្រើនកាំបិតរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងដឹកនាំយកទៅសង្គ្រោះភ្លាមៗ នៅមណ្ឌលសុខភាព ចំណែកប្តីជាជនដៃដល់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំយាង វាយខ្នោះភ្លាមៗផងដែរ។ អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍កំណត់ហេតុរបស់លោកអនុសេនីយ៍ទោ ស៊ុន ពិសិដ្ឋ ប្រធានផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងការពារអនីតិជន បញ្ជាក់តាមប្រព័ន្ធWhatsApp ថាជនដៃដល់ជាប្តីបានយកកាំបិតតាំតោ កាប់ទៅលើប្រពន្ធត្រូវចំជាច្រើនកាំបិត ក្នុងនោះក្បាលខាងឆ្វេងចំនួន២កាំបិត កញ្ចឹងកខាងក្រោយចំនួន២កាំបិត ថ្ងាសខាងឆ្វេងចំនួន១កាំបិត និងចុងចិញ្ចឹមចំនួន១កាំបិត បណ្តាលឲ្យរងរបួសជាទម្ងន់។ ជនដៃដល់មានឈ្មោះ សឿង ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រីឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ សំ លីម ភេទស្រី អាយុ៤៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។

ពាក់ព័ន្ធនឹងរឿងអំពើហិង្សានេះ លោក ហ៊ឹម ហឿន មេឃុំយាង បានបញ្ជាក់ឲ្យដឹងថា នៅមុនពេលឈានទៅដល់ការប្រើអំពើហិង្សា ជនដៃដល់ជាប្តីតែងតែដើរផឹកស្រាស្រវឹង ហើយមកដល់ផ្ទះរករឿងឈ្លោះប្រកែកជាមួយប្រពន្ធរៀងរាល់ថ្ងៃផងដែរ៕ធ.ដ

ដោយៈ សួន លីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner