ពឹងឲ្យកោសខ្យល់ បែរជាប្រើល្បិចកាត់ខ្សែកមាសយកអស់ជាង១ជី ប្ដឹងសមត្ថកិច្ចយចាប់ខ្លួន
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះថា មានលោកយាយអាយុជាង៨០ឆ្នាំម្នាក់ ត្រូវបានស្ត្រីជាជនជាតិវៀតណាមម្នាក់ បានប្រើល្បិចយកកន្ត្រៃកាត់ខ្សែកមាសយកអស់ជាង១ជី តែត្រូវលោកយាយមានការសង្ស័យក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួននៅបន្ទប់ជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ ។

ជនរងគ្រោះមានឈ្មោះ អ៊ឹង ហៀក អាយុ ៨១ឆ្នាំ ស្នាក់នៅផ្ទះលេខ៤ស្ទួន ផ្លូវ៣៧១ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះចាន់ មុាំង ភេទ ស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុ ។

ក្នុងរបាយការណ៍បានឲ្យដឹងទៀតថា នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅបន្ទប់ជួលរបស់ជនសង្ស័យ (ចំណុចកើតហេតុ) ដើម្បីពឹងឲ្យកោសខ្យល់ ពេលទៅដល់ក៏ដោះខ្សែកមាស០១ខ្សែ ទម្ងន់ ១តម្លឹងផ្ញើទុកនៅជនសង្ស័យ រួចដេកផ្កាប់មុខ ឲ្យជនសង្ស័យកោសខ្យល់ ពេលជនរងគ្រោះភ្លេចខ្លួនជនសង្ស័យក៏យកកន្ត្រៃកាត់ក្រចកលួចកាត់យកខ្សែក មាស ជនរងគ្រោះបានទម្ងន់១ជី ៥ហ៊ុន រួចប្រើល្បិចនិយាយប្រាប់ជនរងគ្រោះថា ខ្សែកមាស លោកយាយដាច់ហើយ ។

ជនរងគ្រោះក៏យកខ្សែកមាសមកពិនិត្យមើលឃើញមានស្នាម យកកន្រ្តៃកាត់ រួចថ្លឹងមើលឃើញបាត់ទម្ងន់ដូចខាងលើ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យ ត្រួតពិនិត្យលើខ្លួនជនសង្ស័យរកឃើញខ្សែ កមាសជនរងគ្រោះមួយកំណាត់ទម្ងន់ ៤ហ៊ុន និងកន្រ្តៃកាត់ក្រចក មួយ រួចក៏បញ្ជូនជនសង្ស័យ មកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្ដង ៕ធ.ដ