នាយកប្រតិបត្តិ Apple ត្រូវបានប្រធានាធិបតីអាម៉េរិកប្តូរឈ្មោះពី Tim Cook ទៅជា Tim Apple
អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគោលនយោបាយការងារថ្មីៗនេះ លោក Donald Trump បានប្តូរឈ្មោះនាយកប្រតិបត្តិ Apple។ លោកពុំបានហៅឈ្មោះ CEO ក្រុមហ៊ុន Apple ថាជា Tim Cook ឡើយ តែលោកបានប្តូរឈ្មោះទៅជា Tim Apple វិញ។

នៅថ្ងៃបន្ទាប់ Tim Cook បានសម្រេចចិត្តប្តូរឈ្មោះតាមការចង់បានរបស់លោកត្រាំ។ នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានប្ដូរឈ្មោះលើគណនី Twitter របស់ខ្លួន ដោយប្ដូរពី Tim Cook ទៅជា Tim ដោយសញ្ញាផ្លែប៉ោមនៅពីក្រោយតំណាងឲ្យ “Tim Apple” ដូចការហៅរបស់លោក ដូណាល់ ត្រាំ។

យ៉ាងណាក៏ដោយ មិនចម្លែកទេ ដែលមេដឹកនាំអាម៉េរិករូបនេះបង្កើតរឿងកម្លែងៗបែបនេះ ជាក់ស្តែង ក្រោយជាប់ជាប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ ២០១៦ លោកត្រាំក៏ធ្លាប់បង្កើតរឿងរ៉ាវអស់សំណើចស្រដៀងគ្នា ជុំវិញការហៅឈ្មោះនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Lockheed Martin ដែលអ្នកស្រីមានឈ្មោះផ្លូវការ Marillyn Hewson តែបែរជា Trump ហៅថា Marillyn Lockheed ទៅវិញ៕ធ.ដ
