ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នាំយកសម្ភារសិក្សាចែកដល់សិស្សានុសិស្សសាលាបឋមសិក្សាចំនួន៤

សៀមរាប៖ ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងលោកជំទាវ ព្រមទាំងសមាជិក នៃសហភាពសហព័ន្ធយុវជន រួមទាំងអាជ្ញាធរមូលដ្ឋានកាលពីចុងសប្តាហ៍ ថ្ងៃសៅរ៍ ទី០៩ ខែ មីនា ឆ្នាំ២០១៩ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកនូវសម្ភារសិក្សាដល់សិស្សានុសិស្សសាលាបឋមសិក្សាចំនួន៤ នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ចំនួន៥៩២នាក់ នៅក្នុងបរិវេណវត្តសិរីមង្គល រាម ហៅវត្តអន្លង់ធំភ្នំគូលែន។ លោកអភិបាលរងស្រុកស្វាយលើ បានឲ្យដឹងថា សិស្សទាំង៥៩២នាក់  ដែលបានមកទទួលអំណោយ សម្ភារសិក្សា មាន៤សាលា៖ គឺសាលាបឋមសិក្សាអន្លង់ធំ សាលាបឋមសិក្សាសង្កែឡាក់ សាលាបឋមសិក្សាខ្លាឃ្មុំ និងសាលាបឋមសិក្សាភូមិថ្មី ដោយមានលោកគ្រូ អ្នកគ្រូ២៣នាក់។

ឯកឧត្តម ទៀ សីហា ក៏បាននាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចសម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ តែងតែបានយកចិត្តទុកដាក់  ពីសុខទុក្ខលំបាករបស់ សិស្សានុសិស្ស និងមាតាបិតាសិស្សនៅតំបន់ដាច់ស្រយាលព្រៃភ្នំ សំខាន់បងប្អូននៅក្នុងឃុំខ្នងភ្នំ ដែលជាភ្នំមួយសម្បូរទៅដោយសម្បត្តិធម្មជាតិ វប្បធម៌ ដែលបានកំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់បងប្អូន នៅក្នុងតំបន់ខ្នងភ្នំគូលែន ក្រៅពីការងារធ្វើស្រែចម្ការ។  ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បាន លើកឡើងផងដែរ អំពីបទល្មើសនៃការកាប់ទន្ទ្រានព្រៃឈើ យកដីធ្វើជា កម្មសិទ្ធនៅលើខ្នងភ្នំគូលែន ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងបាត់បង់នូវប្រភពទឹកទៀតផង។ ម៉្យាងទៀតព្រៃឈើនៅលើខ្នងភ្នំគូលែន មានកត្តា សំខាន់បំផុត ក្នុងការចិញ្ចឹម ប្រជាជនយើង ទាំងនៅខ្នងភ្នំ និងក្រុងសៀមរាប។ ដោយបញ្ហានេះហើយ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀម និងរកប្រភពទឹក ដើមី្បផ្គត់ផ្គង់ក្នុងការប្រើប្រាស់បានគ្រប់គ្រាន់ជាប្រចាំថ្ងៃ ដោយយោង តាមការព្យាករណ៍របស់ក្រសួងធនធានទឹក ឧតុនិយមកម្ពុជា បានបញ្ជាក់ថា រយៈពេល៣ខែខាងមុខនេះ តំបន់មួយចំនួន និងរងការខ្វះខាតទឹកប្រើប្រាស់ ក្នុងរដូវប្រាំងឆ្នាំ២០១៩ ដែលជួបនឹងគ្រោះសីតុណ្ហភាពកម្តៅអែលនីញ៉ូ ។

ឯកឧត្តម ទៀ សីហា ក៏បានសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅលើ ខ្នងភ្នំគូលែន ក៏ដូចជាឳពុកអ្នកម្តាយទាំងឡាយ ត្រូវបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងការធ្វើស្រែចម្ការពនាចរ ដែលនាំឲ្យបាត់បង់ ធនធានធម្មជាតិ ដែលជាប្រភពចំណូលរបស់បងប្អូននៅទីនេះ។ ម៉្យាងទៀតត្រូវជម្រុញកូនៗរបស់ខ្លួនឲ្យចូលសាលារៀនកុំឲ្យកូនៗបោះបង់ចោលការសិក្សា ព្រមទាំងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុង តំបន់ខ្នងភ្នំគូលែន  ដើមី្បស្រូបយកភ្ញៀវចូលមកទស្សនាកម្សាន្ត ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់បងប្អូន។ ក្នុងឱកាសទិវានារីអន្តរជាតិ៨មិនា ឯកឧត្តម និងលោកជំទាវ បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ដល់អ្នកគ្រូ សំពត់ផាមូង១ដុំ អាវយឺត១ ថវិកា៥ម៉ឺនរៀល លោកគ្រូ ការបូបស្ពាយ១ អាវយឺត១ ថវិកា៥ម៉ឺនរៀល  និងមាតាបិតា អាណាព្យាបាលសិស្សដែលបានចូលរួម ម្នាក់ៗ សារុង ១ផងដែរ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner