សមទិ្ធផលនានា នៅវត្តស្រះដូនរីករាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមទិ្ធផលមានកុដ្ឋិ សាលាឆាន់ និងព្រះវិហារ ក្នុងទឹកប្រាស់សរុបចំនួន ៤៤៤ពាន់៧០០ដុល្លារ ដែលសាងសង់អស់រយៈពេល៦ឆ្នាំ ក្នុងវត្តស្រះដូនរីករាយ ស្ថិតនៅភូមិស្រះខ្វាវ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រារព្វធ្វើពិធីសម្ពោធកាត់ខែ្សបូ និងឬសីមា ថ្វាយប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រើប្រាស់ទៅតាមច្បាប់បញ្ញតិរបស់ព្រះពុទ្ធសាសនា កាលពីចុងសប្តាហ៍ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានគូសបញ្ជាក់ថា  ថ្ងៃ ខែ ឆ្នាំ កំណើតនៃសាសនាទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺប្រសូត្រនៅថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃរស់ឡើងវិញនៃប្រជាជាតិកម្ពុជា ចេញពីរបបវាលពិឃាត ប្រល័យពូជសាសន៍បនក្បត់ ប៉ុល ពត ហើយថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ នៃប្រជាជាតិ និង មាតុភូមិកម្ពុជា។ 

ឯកឧត្តម ក៏បានបញ្ជាក់ថា  ក្នុងរយៈពេល៤០ឆ្នាំបានកន្លងផុត  គណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា ឆ្លងកាត់របត់នយោបាយដ៏ស្មុគស្មាញ ឆ្ពោះទៅកាន់ត្រើយ នៃសុខសន្តិភាព ប្រសូត្រឲ្យមានជីវិតទី២ នៃព្រះរាជា ណាចក្រកម្ពុជា និងជម្រុញឲ្យមានការអភិវឌ្ឍប្រទេសជាតិ  ចាប់ផ្តើមពីបាតដៃទទេ រហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ។ ឯកឧត្តមអ្នកឧកញ៉ាគូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ជាស្ថាបនិកសន្តិភាពកម្ពុជា  បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ថា បើទោះជាក្នុងតម្លៃណាក៏ដោយសម្តេចតេជោ មិនលើកលែងនោះឡើយ  ចំពោះជនណាដែលមានបំណងចង់បំផ្លាញសន្តិភាព ដែលខិតខំស្វែងរកបានដោយការលំបាកនោះ។  ការការពារសន្តិភាព គឺជាជម្រើសតែមួយគត់ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ ប្រជាពលរដ្ឋសម្បូរសប្បាយរុងរឿង។  ឯកឧត្តម ក៏បានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់លើការការពារ ថែរក្សា និងអភិរក្សនូវព្រៃឈើតំបន់ភ្នំគូលែន ដែលជាអាយុជីវិតនៃសេដ្ឋកិច្ចរបស់បងប្អូន និងជាប្រភពផ្តល់នូវទឹកប្រើប្រាស់ ហើយក៏ជាតំបន់ដែលមាន សក្តានុពលមួយដ៏សំខាន់នៃខេត្តសៀមរាប ក្រៅពីប្រាង្គប្រាសាទ គឺរមនីយដ្ឋានធម្មជាតិ ដែលបានកំពុងទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ហើយក៏ផ្តល់នូវផលប្រយោជន៍ដល់បងប្អូនក្នុង តំបន់នេះផងដែរ។ 

ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ នាំយកអំណោយសទ្ធាដ៏ថ្លៃថ្លា នៃសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមកសាងទីវត្តបន្ត នូវបច្ច័យ២០លានរៀល និង គណៈអភិបាលខេត្តសៀមរាប ១លានរៀល  សម្រាប់វត្តស្រះដូនរីករាយ ហៅវត្តស្រះដូនរីក  ព្រមទាំងឧបត្ថម្ភដល់សីលវ័ន្តសីលវន្តី សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner