ក្រុមការងារចុះជួយស្រុកកោះធំ ចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសជាតិ
ខេត្តកណ្ដាល ៖ ថ្លែងលើកទឹកចិត្តស្ត្រីបែបនេះ នៅគ្រាដែលឯកឧត្តម សុះ សារី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ និង ឯកឧត្តម ស៊ុន វុទ្ធី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ តំណាងឯកឧត្តម ចៅ តុល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ចុះសួរសុខទុក្ខនិងចែកអំណោយដល់ពលរដ្ឋនៅឃុំព្រែកថ្មី ស្រុកកោះធំ នាថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០១៩នេះ។ ឯកឧត្តមសុះ សារី បានមានប្រសាសន៍ថា ពិតណាស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើកកម្ពស់សិទ្ធិស្ត្រីកម្ពុជាឲ្យមានស្មើគ្នានឹងបុរសដែរ ខណៈដែលតំណែងល្អៗជាច្រើនដែលស្ត្រីកំពុងមានក្នុងជួររាជរដ្ឋាភិបាល ព្រមទាំងថ្នាក់មូលដ្ឋានក៏មានច្រើនផងដែរ។ ឯកឧត្តមថា កាលជំនាន់ប៉ុលពត ស្ត្រីគ្មានសិទ្ធិអ្វីទេ គេឲ្យរៀបការជាមួយនរណាស្រេចតែចិត្តគេ ប៉ុន្តែបច្ចុប្បន្ននេះវិញ ស្ត្រីមានសិទ្ធិជ្រើសរើសគូស្រករណាម្នាក់ដែលគាត់ពេញចិត្ត។ ឯកឧត្តម ស៊ុន វុទ្ធី បានសង្កត់ធ្ងន់ថា ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍ប្រទេសជាតិ ព្រោះស្ត្រីបានចូលរួមចំនែកយ៉ាងក្លៀវក្លាក្នុងការជួយជ្រោមជ្រែងការងារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបានការងារយ៉ាងច្រើនក្នុងសង្គមយើង។ ពលរដ្ឋដែលបានចូលរួមកម្មវិធីនេះអ្នកស្រី គន្ធា បានសំដែងការសប្បាយរីករាយ និង រំភើបយ៉ាងខ្លាំងដែលបានឃើញក្រុមការងារចុះជួយស្រុកកោះធំ បានមកលើកទឹកចិត្តពួកគាត់ និងបានផ្ដល់អនុសាសន៍ជ្រោមជ្រែងពួកគាត់យ៉ាងច្រើនក្នុងការប្រើប្រាស់សិទ្ធិឲ្យបានល្អប្រសើរ។ គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងផ្សព្វផ្សាយ និង លើកកម្ពស់សិទ្ធិស្ត្រីឲ្យមានសិទ្ធិយ៉ាងពេញលេញក្នុងសង្គម ពិសេសក៍បានផ្ដល់ឱកាសការងារយ៉ាងច្រើនដល់បណ្ដាស្ត្រីផងដែរ ខណៈនៅតាមបណ្ដាក្រសួងមន្ទីរនានា រាប់ចាប់តាំងពីថ្នាក់ភូមិឃុំស្រុកខេត្ត រាជធានី ក៍មានស្ត្រីមានតំណែងក្នុងនោះផងដែរ ៕



