ទីបំផុតយានអវកាស Crew Dragon ចុះមកដល់ផែនដីវិញដោយជោគជ័យ បន្ទាប់ពីចំណាយពេល០៦ថ្ងៃនៅឯស្ថានីយអវកាសអន្តរជាតិ ISS
សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN បានរាយការណ៍ថាយាន Crew Dragon របស់ក្រុមហ៊ុនអវកាសអាម៉េរិក SpaceX បានត្រឡប់ចុះមកដល់ភពផែនដីវិញដោយជោគជ័យ បន្ទាប់ពីវាបានចំណាយពេល០៦ថ្ងៃនៅឯស្ថានីយអវកាសអន្តរជាតិ ISS ។
ប្រភពបន្តថា ក្រោយត្រឡប់ចូលមកក្នុងបរិយាកាសផែនដីវិញយាន Crew Dragon បានប្រើឆ័ត្រយោងទម្លាក់ខ្លួនវាចុះមកប៉ះផ្ទៃទឹកនៃ មហាសមុទ្រអាត្លង់ទិកដោយសុវត្ថិភាព ជាមួយអវកាសយានិកជ័រម្នាក់ឈ្មោះថា Ripley នៅក្បែរឆ្នេរនៃរដ្ឋផ្លូរីដា ។ ការធ្វើតេស្តខាងលើនេះ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយយានអវកាស Crew Dragon បានទៅដល់ស្ថានីយ ISS កាលពីថ្ងៃអាទិត្យ ។ បន្ទាប់ពីការធ្វើតេស្តខាងលើ យាន Crew Dragon នឹងត្រូវធ្វើតេស្តជាលើកដំបូងដោយមានវត្តមានមនុស្សពិតនៅខែកក្កដាឆ្នាំ២០១៩នេះ ។
បច្ចុប្បន្នក្រុមអវកាសយានិករបស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានពឹងផ្អែកទាំងស្រុងទៅលើយាន និងគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ចាប់តាំងតែពីកម្មវិធីយាន Space Shuttle របស់ខ្លួន បានចូលនិវត្តន៍កាលពី០៨ឆ្នាំមុន ។ ឥឡូវនេះ NASA កំពុងដាក់ក្តីសង្ឃឹមលើក្រុមហ៊ុនឯកជន SpaceX ក៏ដូចជា Boeing ក្នុងការផលិតយានអវកាសមួយ ដើម្បីចាប់ផ្តើមបញ្ជូនអវកាសយានិករបស់ខ្លួនឡើងទៅកាន់ទីអវកាសវិញ ដោយប្រើគ្រាប់រ៉ុក្កែតនិងយានរបស់អាម៉េរិកផ្ទាល់ ៕ធ.ដ