សហរដ្ឋអាម៉េរិកព្រមានជាថ្មីទៀតដល់តួកគី ពាក់ព័ន្ធនឹងការទិញប្រព័ន្ធការពារអាកាស S-400 ពីរុស្ស៊ី
សហរដ្ឋអា់ម៉េរិក៖ ទំនាក់ទំនងយោធារវាងសហរដ្ឋអាម៉េរិក និងតួកគីទំនងជាត្រូវប្រឈមនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ បើសិនទីក្រុងអង់ការ៉ាទទួលយកប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី នេះបើតាមការព្រមានរបស់អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក លោក Charlie Summers ។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិករូបនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីតួកគីបានបញ្ជាក់ច្បាស់ៗថា កិច្ចព្រមព្រៀងជាមួយរុស្ស៊ី ទាក់ទិននឹងការប្រគល់ប្រព័ន្ធ S-400 បានចប់ជាស្ថាពរហើយ គឺមិនអាចបកក្រោយឡើយ ដោយប្រព័ន្ធនេះ ត្រូវគេរំពឹងថា នឹងទៅដល់ដៃតួកគីក្នុងអំឡុងខែ កក្កដា ឆ្នាំ២០១៩នេះ ហើយថាកិច្ចព្រមព្រៀងថ្មីអំពីការទិញប្រព័ន្ធមីស៊ីល S-500 របស់រុស្ស៊ី ក៏អាចទៅរួចផងដែរនាពេលអនាគត ។
ហើយការព្រមានរបស់សហរដ្ឋអាម៉េរិកខាងលើនេះដែរ ធ្វើឡើងស្របពេលដែលកងនាវារុស្ស៊ីប្រចាំតំបន់សមុទ្រខ្មៅ រួមជាមួយកងនាវាតួកគីបានដឹកនាំការធ្វើសមយុទ្ធជើងទឹករួមគ្នាមួយ ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពអន្តរប្រតិបត្តិការឆ្លើយទៅនឹងហានិភ័យនានានៅលើដែនសមុទ្រខ្មៅ ។ វាជាប្រតិបត្តិការមួយដែលបានកើតមានឡើងបន្ទាប់រុស្ស៊ីបានបង្ហាញជំហររក្សាការប្តេជ្ញាចិត្តរបស់ខ្លួនកាន់តែខ្លាំង ក្នុងការការពារកិច្ចសន្យាទិញប្រព័ន្ធការពារមីស៊ីល S-400 ពីទីក្រុងម៉ូស្គូ ចំពោះមុខការព្រមានកាន់តែខ្លាំងឡើងៗពីសហរដ្ឋអាម៉េរិក និងអង្គការ NATO ៕ធ.ដ