ប្រមុខការទូតចិនថ្លែងថា ទីក្រុងប៉េកំាងសង្ឃឹមថា អឺរ៉ុបនឹងមាននយោបាយឯករាជ្យក្នុងទំនាក់ទំនងទ្វេភាគី
ចិន៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រៅកិច្ចប្រជុំសភាកាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានគូសបញ្ជាក់ថា ទំនាក់ទំនងចិន និងសហភាពអឺរ៉ុប គឺស្ថិតក្នុងដំណាក់កាលវិជ្ជមាន ហើយលោកនៅតែសង្ឃឹមថា សហភាពអឺរ៉ុបនឹងរក្សាផលប្រយោជន៍វែងឆ្ងាយរបស់ខ្លួន ហើយអនុវត្តគោលនយោបាយជាមួយចិនដែលឯករាជ្យ រឹងប៉ឹង និងសម្លឹងទៅមុខ ។
ការកត់សម្គាល់បែបនេះរបស់លោក វ៉ាង យី ធ្វើឡើងស្របពេលដែលអឺរ៉ុបមានបំណងដើរតាមសហរដ្ឋអាមេរិក ដែលកំពុងដាក់សម្ពាធខ្លាំងលើចិន ជុំវិញជម្លោះពាណិជ្ជកម្ម ។ ជាមួយគ្នានេះ រដ្ឋអឺរ៉ុបខ្លះទៀតក៏ប្រុងហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ពីការអភិវឌ្ឍបច្ចេកវិទ្យាល្បឿនអ៊ីនធើណេតជំនាន់ទីប្រាំ ឬ (5G) ក្រោមហេតុផលថា ចិនអាចលួចព័ត៌មានសម្ងាត់តាមរយៈក្រុមហ៊ុននេះ ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានដដែលនេះ លោក វ៉ាង ក៏ប្រកាសពីគម្រោងទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ទៅកាន់តំបន់អឺរ៉ុបផងដែរ ក្នុងនោះ បារាំង និងអ៊ីតាលី ជាគោលដៅនៃដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក ស៊ី ។ ប្រមុខការទូតចិនរូបនេះ បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ស៊ី ជាការបង្ហាញពីការផ្ដល់អាទិភាពរបស់ចិនលើអឺរ៉ុប ការគាំទ្រសមាហរណកម្មនៅទ្វីបអឺរ៉ុប ហើយចិនចង់ឃើញអឺរ៉ុបមួយខ្លាំងក្លា និងមានការរួបរួម ៕ធ.ដ