ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋភ្នំពេញថ្មី ឃាត់ខ្លួនកាលពីវេលាម៉ោង ១៥ និង៤០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅមុខក្លិបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងករណីឆបោក (ប្រើល្បិចបោកយកប្រាក់ចំនួន300$ តែមិនបានសម្រេចដោយជាប់ខ្នោះសមត្ថកិច្ច)។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ ចាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ឡោ ប៊ុនឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការក្លិបហ្ស៊ូក ស្នាក់នៅក្នុងក្លឹបហ្សូកផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានទូរសព្ទ មកប្រាប់ជនរងគ្រោះថា គេចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅចំណុច ក្លិបហ្សូក បើមិនចង់ឲ្យគេចុះត្រួតពិនិត្យរដ្ឋបាលទេ ត្រូវរៀបចំកញ្ចប់លុយចំនួន៣០០ដុល្លាឲ្យគេ ហើយឈ្មោះ ផល សាវ៉េត បានប្រើជនសង្ស័យ ពៅ ចាន់ធី ឲ្យមកយកលុយនៅក្លិបហ៊្សូក។

លុះដល់ម៉ោង១៥និង៤០នាទី ស្រាប់តែជនសង្ស័យ ឈ្មោះ ពៅ ចាន់ធី បានជិះម៉ូតូឌុបមកដល់មុខក្លិបហ្សូក ដើម្បីយកលុយពីជនរងគ្រោះ តែត្រូវជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី។ ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ក៏បានចាប់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner