បើកបររថយន្តលឿន ជ្រុលទៅបុកឡើងខឿនសួនច្បារ កល់ជាប់ទៅមុខលែងរួច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នារីម្នាក់បើកបររថយន្តយ៉ាងលឿន លុះមកដល់ផ្លូវកោងជ្រុលចង្កូតទៅបុកឡើងខឿនសួនច្បារពុះចែកផ្លូវកល់ជាប់បើកទៅមុខលែងរួច កាលពីម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅតាមផ្លូវR3 កែងផ្លូវR11 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY-3534 បើកបរដោយនារីម្នាក់ និងនារីម្នាក់ទៀតរួមដំណើរ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខR11 យ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ  ស្រាប់តែជ្រុលទៅបុកឡើងខឿនពុះចែកផ្លូវ បណ្ដាលឲ្យរថយន្តកល់ជាប់លើខឿនផ្លូវបើកទៅមុខលែងរួច សំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ក្រោយមកមានបុរស២នាក់ស្លៀកពាក់ស៊ីវិល ម្នាក់មាន ID ជាប់ចង្កេះ និងឃើញមានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ២នាក់ទៀត ពាក់ឯកសណ្ឋាន បើកម៉ូតូណៃហត ពណ៌ទឹកប៊ិចចាស់ បិទ Logo (អាវុធហត្ថខណ្ឌទួលគោក) ឌុបគ្នាមកកន្លែងកើតហេតុ ចុះជួយអន្តរាគមន៍សម្របសម្រួល។

តែក្រោយមកបែរជាបុរស២នាក់ស្លៀកពាក់ស៊ីវិលច្រឡោតស្រែកឈ្លោះគ្នាជាមួយក្រុមសន្តិសុខក្នុងដីបឹងកក់នោះផ្អើលមួយសន្ទុះផងដែរ ហើយទើបភាគីទាំងសងខាងដោះស្រាយគ្នាដោយភាគីខាងរថយន្តបង្ក ព្រមសង១៤០ដុល្លារ ទៅឲ្យក្រុមសន្តិសុខដីបឹងកក់នោះ ដើម្បីបញ្ចប់រឿង រួចហៅរថយន្តមកស្ទូចយករថយន្តនោះ យកទៅជួសជុលដោយខ្លួនឯង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner