កម្ពុជា នឹងទទួលបានគម្រោងការស្ដាប្រព័ន្ធលម្អទីក្រុង បរិស្ថាន កាកសំណល់ទឹកស្អុយ ឬទឹកដក់នៅតាមផ្លូវជាដើម ដែលជាជំនួយមកពីសមាគមនិយាយភាសាបារាំង

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ឯកឧត្តម ព្យែរ បៃឡេត អគ្គលេខាធិការសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានសម្តែងការអរគុណជាខ្លាំង និងកិត្តិយសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម បើទោះជាសម្ដេចមានកម្មវិធីមមាញឹកយ៉ាងណាក៏ដោយ ហើយឯកឧត្តមរីករាយណាស់ ដោយសារទីក្រុងភ្នំពេញ គឺជាក្រុងមួយជាសមាជិក នៃទីក្រុងដែលនិយាយភាសាបារាំង។ ឯកឧត្តម បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក៏ដូចជាពិនិត្យមើលនូវគម្រោងអភិវឌ្ឍន៍នានា ដែលបានអនុវត្តកន្លងមក និងគម្រោងអនុវត្តនៅពេលអនាគត ជាមួយនឹងជំនួយដែលបានមកពីសមាគមនិយាយភាសាបារាំង ក្នុងនោះក៏មានមូលនិធិ bill Gate ផងដែរ ក្នុងការស្ដាប្រព័ន្ធលម្អទីក្រុង បរិស្ថាន កាកសំណល់ទឹកស្អុយ ឬក៏ទឹកដក់នៅតាមផ្លូវជាដើម។

ឯកឧត្តម ព្យែរ បៃឡេត មានប្រសាសន៍ថា កម្ពុជា អាចជាគំរូ ជាពិសេស ទីក្រុងភ្នំពេញ និងសៀមរាប អាចជាគំរូនៃការអភិវឌ្ឍនូវគម្រោងទាំងនេះ សម្រាប់បណ្ដាប្រទេស ជិតខាង ដូចជា ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ និងប្រទេសវៀតណាមជាដើម។ ឯកឧត្តមបានប្រាប់សម្តេចតេជោដែរថា សមាគមនេះត្រៀមធ្វើសន្និបាតរបស់សមាគម ដែលនិងមានការចូលរួមពីអភិបាលក្រុងប៉ារីសផងដែរ នៅថ្ងៃទី3 ទី4 ទី5 ខែធ្នូ នៅទីក្រុងភ្នំពេញ និងសៀមរាប ដែលឱកាសនោះ នឹងរំលេចពីភាពជោគជ័យនូវគម្រោងនានានៅកម្ពុជា ជាពិសេស នៅរាជធានីភ្នំពេញ និងនៅទីក្រុងសៀមរាប ហើយឱកាសនោះ ក៏នឹងបង្ហាញឲ្យសមាជិកពីទ្វីបទាំង៥ និងមានអភិបាលក្រុងពីទ្វីបទាំង៥ ក្នុងពិភពលោក មកចូលរួមសន្និបាតនេះ។

ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងការរីករាយដែលបានទទួលប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចសង្ឃឹមថា គណៈប្រតិភូបានឃើញផ្ទាល់នឹងភ្នែក នូវការរីកចម្រើននានា ជាពិសេស គឺការអភិវឌ្ឍគម្រោងនានា ដែលសមាគមនៃអភិបាលក្រុងនិយាយភាសាបារាំង បានជួយដល់កម្ពុជា កាលពីកំឡុងទសវត្សរ៍ឆ្នាំ៨០ មកម្ល៉េះ ដែលពេលនោះ បារាំងនិងកម្ពុជា មិនទាន់មានទំនាក់ទំនងការទូតនៅឡើយ ដោយសារការកាត់ផ្ដាច់ក្រោយរបបខ្មែរក្រហម តែអភិបាលក្រុងប៉ារីសកាលនោះ បានបញ្ជូនរថយន្តដឹកសំរាមមកឲ្យកម្ពុជា តាំងពីពេលនោះមក។ សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា វាជាកិត្តិយស សម្រាប់កម្ពុជា ជាពិសេស រាជធានីភ្នំពេញ បានក្លាយជាសមាជិកមួយ នៃសមាគមទីក្រុងនិយាយភាសាបារាំង ហើយអភិបាលក្រុងប៉ារីស គឺបានជួយកម្ពុជា ដោយបានបញ្ជូនរថយន្តដឹកសំរាម តាំងពីយើងមិនទាន់មានទំនាក់ទំនងការទូត តាំងពីសតវត្សឆ្នាំ៨០មកម្ល៉េះ។ សម្ដេចថា ការរីកលូតលាស់ និងភាពប្រឈមនៃទីក្រុង ដោយសារតែការហូរចូលនៃប្រជាជន និងការអភិវឌ្ឍនៅទីក្រុងទាំងអស់នេះ លឿនជាងការរំពឹងទុក ឧទាហរណ៍ នៅក្រុងព្រះសីហនុជាដើម។ ឥឡូវយើងមានបញ្ហាខ្វះភ្លើង មានបញ្ហាទឹកសំអុយ ដែលយើងមិនមានប្រព័ន្ធដើម្បីចម្រោះទឹកស្អុយ ដែលបណ្តាលឲ្យទឹកស្អុយ ហូរចូលក្នុងសមុទ្រ ហើយយើងកំពុងតែខិតខំដើម្បីសម្អាតបញ្ហាទាំងអស់នេះ មុននឹងបង្ហូរចូលទឹកសមុទ្រ។ ទាំងអស់នេះ ដោយសារតែការរីកលូតលាស់លឿនជាងការ ដែលយើងបានប៉ាន់ស្មានទុក ហើយកំណើនរបស់ប្រជាជន មានការកើនឡើង ដែលវាប៉ះពាល់ដល់បរិស្ថានហើយយើងកំពុងតែខិតខំរៀបចំ ហើយសម្តេចបានស្វាគមន៍ និងរីករាយជានិច្ចជាមួយនឹងគម្រោងនានា នូវការជួយរបស់សមាគម ក៏ដូចជាមូលនិធិផ្សេងៗ ហើយយើងក៏បានត្រៀមនូវថវិការដិភាគសម្រាប់អនុវត្តគម្រោងទាំងអស់នោះប្រកបដោយជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន ថា ប្រទេសនិយាយភាសាបារាំងភាគច្រើន គឺជាប្រទេសក្រីក្រ មិនអភិវឌ្ឍន៍ដូចប្រទេសដែលនិយាយភាសាអង់គ្លេសទេ តែយើងមានមោទនភាពដោយសារសមាគមប្រទេសនិយាយភាសាបារាំងនេះ មានស្មារតីជាសហគមន៍ជួយគ្នា ដូចជាកម្ពុជាយើងទើបបានរួចផុតពីសង្គ្រាម តែយើងបានបញ្ជូនកម្លាំងរក្សាសន្តិភាព ទៅបណ្ដាប្រទេសដែលនិយាយភាសាបារាំងមួយចំនួន ដូច្នេះ វាជាកិច្ចសហប្រតិបត្តិការមួយក្នុងក្របខណ្ឌជាប្រទេសដែលនិយាយភាសាបារាំង។ សម្ដេចថា យើងបានយកចិត្តទុកដាក់ក្នុងការប្រើប្រាសភាសាបារាំង ប៉ុន្តែនិន្នាការវាបានឆ្ពោះទៅរកការប្រើប្រាស់ភាសាអង់គ្លេស ហើយយើងក៏បានបង្ហាត់បង្រៀនហ្វឹកហ្វឺនគ្រូសម្រាប់បង្រៀននៅក្នុងសាលា ហើយនៅក្នុងវិទ្យាស្ថានបច្ចេកទេស ក៏យើងប្រើប្រាស់ភាសាបារាំងនៅក្នុងបញ្ហាបច្ចេកទេស នៅក្នុងវេជ្ជសាស្ត្រក្នុងមហាវិទ្យាល័យពេទ្យ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការរីករាយក្នុងការដែលរាជធានីភ្នំពេញ នឹងរៀបចំទទួលធ្វើជាទីកន្លែងសន្និបាតរបស់សមាគមអភិបាលក្រុងនិយាយភាសាបារាំងដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner