ខណ្ឌច្បារអំពៅ ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូននារី ដើម្បីអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលប្រព្រឹត្តធ្វើឡើងនៅសាលាខណ្ឌច្បារអំពៅ។ ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរនោះផងដែរ ក៏មានការចូលរួមពីលោកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោកស្រី សុភ័គ្គ ថាវី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ។
លោក ចេង មុនីរ៉ា បានថ្លែងថា ទិវាអន្តរជាតិនារី៨មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីគំរូវរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិសេរីភាព និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្ត្រីនៅក្នុងសង្គម។ លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាបាន និងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានការចូលរួមពីស្ត្រីផងដែរ ហេតុដូចនេះទើបរាជរដ្ឋាភិបាលបានកំណត់ថា “ស្ត្រី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសជាតិ” ស្ត្រីទទួលបានការគាំទ្រ និងការលើកកម្ពស់តួនាទីស្ត្រីឲ្យកាន់តែមានតម្លៃ និងមានសារៈសំខាន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ លោកក៏បានផ្តល់នូវឱវាទខ្លះៗដល់បងប្អូនជាស្ត្រីឲ្យចេះចាប់យកឱកាស ស្របពេលប្រទេសយើងកំពុងត្រូវការធនធានមនុស្ស ដូចនេះត្រូវពង្រឹងជំហររបស់ខ្លួនឲ្យបានរឹងមាំ ខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែម ត្រូវបង្កើតសមត្ថភាពការងារឲ្យកាន់តែល្អប្រសើរ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការងារ ហើយត្រូវគិតថា «បុរសអាចធ្វើបាន យើងជាស្ត្រីក៏អាចធ្វើបានដូចគ្នា»។
មុននឹងបញ្ចប់ លោក ចេង មុនីរ៉ា បានជូននូវបាច់ផ្កាដល់លោកស្រីជាភរិយារបស់លោក និងបានជូននូវវត្ថុអនុស្សាវរីយ៍ដល់បងប្អូនស្ត្រីជាថ្នាក់ដឹកនាំ ស្ត្រីជាកងកម្លាំង ស្ត្រីជាមន្ត្រីរាជការ និងអ្នកចូលរួមជាស្ត្រី ក្នុងភាពស្និទ្ធស្នាល និងសប្បាយរីករាយ៕ម.ន





