គ្រោះរញ្ជួយដីក្នុងកម្រិត២.១រ៉ិចទ័រវាយប្រហារប្រទេសកូរ៉េខាងជើង
កូរ៉េខាងជើង៖ គ្រោះរញ្ជួយដីក្នុងកម្រិត២.១រ៉ិចទ័របានវាយប្រហារទីក្រុងព្យុងយ៉ាង របស់ប្រទេសកូរ៉េខាងជើង នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈត្រូវបានគេជឿជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារមនុស្ស ស្របពេលដែលក្រសួងឧតុនិយមកូរ៉េ (KMA) បញ្ជាក់ថា គ្រោះរញ្ជួយដីនេះ បណ្តាលមកពីការផ្ទុះមួយ។
គ្រោះរញ្ជួយដ៏ខាងលើនេះ បានកើតមានឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបាននឹងកំពុងកសាងឡើងវិញនូវទីតាំងបាញ់សាកល្បងមីស៊ីលមួយ ដែលត្រូវបានរុះរើចោលនៅតំបន់ សូហេ នេះបើតាមសារព័ត៌មាន Korea Times ។
ប្រភពបន្តថា គ្រោះធម្មជាតិនេះដែរ បានកើតមានឡើងបន្ទាប់ពីកិច្ចជំនួបកំពូលមួយរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ខណៈសហរដ្ឋអាម៉េរិកបានគំរាមដាក់ទណ្ឌកម្មលើកូរ៉េខាងជើងបន្ថែមទៀតផងដែរ៕ម.ន



