មន្ត្រីអនុគណៈកម្មការសេដ្ឋកិច្ចមកពី៣ប្រទេសជួបប្រជុំគ្នាក្នុងខេត្តក្រចេះ

អនុគណៈកម្មការសេដ្ឋកិច្ច ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅព្រឹកថ្ងៃ៨មីនានេះ បានដំណើរការកិច្ចប្រជុំលើកទី១១ របស់ខ្លួន ដើម្បីតាមដានការអនុវត្ត សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណ ពិនិត្យមើលរបាយការណ៍ សិក្សាស្តីពីការអភិវឌ្ឍផែនការមេនៃឧស្សាហកម្មជ័រកៅស៊ូ ផែនការអភិវឌ្ឍន៍ទេសចរណ៍ និងការបង្កើតគេហទំព័រផ្លូវការរបស់ CLV DTA។

ក្រៅពីនោះ កិច្ចប្រជុំក៏បានពិភាក្សា លើរបៀបវារៈចំនួនពីរផ្សេងទៀតគឺ ការកសាងផែនការ និងគម្រោងជាក់លាក់ ដើម្បីអនុវត្តន៍ផែនការសកម្មភាពតភ្ជាប់សេដ្ឋកិច្ច រហូតដល់ឆ្នាំ២០៣០ និងការរៀបចំផែនការ សកម្មភាព សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្របសម្រួលពាណិជ្ជកម្ម នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។ ក្នុងព្រឹត្តិការណ៍នោះផងដែរ នៅរសៀលថ្ងៃទី៧ មីនាម្សិលមិញ  ពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០១៩ បានបើកសម្ពោធនៅខេត្តក្រចេះ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ឈួន ដារ៉ា ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តទាំងអស់របស់ ប្រទេសឡាវ និងវៀតណាម ដែលស្ថិតក្នុងតំបន់ត្រីកោណ ព្រមទាំងមន្រ្តីរាជការ អង្គការ សមាគម អង្គទូត សិស្សនិស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង៣០០នាក់។

ថ្លែងសុន្ទរកថាក្នុងពិធីបើកនោះ លោក ឈួន ដារ៉ា បានជម្រាបជូនភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ថា ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង៣ កំពុងបានយកចិត្តទុកដាក់ និងជំរុញសកម្មភាពពាក់ព័ន្ធទាំងឡាយក្នុងវិស័យសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-វៀតណាម-ឡាវ ឲ្យមានការរីកចម្រើនក្នុងបំណងបម្រើផលប្រយោជន៍ប្រជាជន និងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ត្រីកោណនេះឲ្យកាន់តែល្អប្រសើរ។ ពិព័រណ៍ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម រៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃ១០ ខែមីនា ឆ្នាំ២០១៩ ដោយមានការគាំទ្រ និងការចូលរួម យ៉ាងសកម្មពី បណ្ដាផលិតករ អាជីវករ អង្គការ សមាគមនានា ដែលបាននឹងកំពុងផលិត នូវផលិតផលខ្មែរ សម្រាប់ចែកចាយនៅទូទាំង ប្រទេសកម្ពុជា និងពាណិជ្ជករមកពីប្រទេសឡាវ និងវៀតណាម ហើយមានស្ដង់សរុបចំនួន ២១៥ស្ដង់។ អមជាមួយព្រឹត្ដិការណ៍ពិព័រណ៍នោះ ក៏មានការរៀបចំការប្រគំតន្ត្រីផងដែរ នៅរាត្រីថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ២០១៩ ដើម្បីទាក់ទាញឲ្យមានអ្នកទស្សនាពិព័រណ៍ និងមហាជនទូទៅ មកចូលរួមគាំទ្រកាន់តែច្រើនឡើងៗ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner