រថយន្តបែនដឹកដីបុករះរថយន្ត៦គ្រឿង ពេលកំពុងឈប់ភ្លើងស្តុប
ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងបានបើកបុករះរថយន្តជាច្រើនគ្រឿង ពេលកំពុងតែឈប់ភ្លើងស្តុបពណ៍ក្រហម កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅស្តុបបំបែកកប់ស្រូវភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តប្រហែលជា៧គ្រឿងកំពុងឈប់ភ្លើងស្តុបពណ៌ក្រហម នៅចំណុចភ្លើងស្តុបកើតហេតុខាងលើ ស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿងទៀតម៉ាកHINO ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3A -4828 បើកស្របទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿន ដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនស៊ីបានជ្រុលចង្កូតបុករះរថយន្តដែលឈប់នៅខាងមុខកៀបរុញចូលគ្នា រងការខូចខាតរថយន្តចំនួន៦គ្រឿង។ ចំណែកអ្នកបើកបររថយន្តបង្កបើកទ្វាររថយន្តបម្រុងរត់ ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ចដោយសមត្ថកិច្ចភ្លេចវាយខ្នោះ អ្នកបើកបរខាងលើបានរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខសហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុងបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងស្ទូចយករថយន្តទាំង៦គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ




