សម្ដេចតេជោ ហ៊ុន សែន៖ ស្ថានភាពអ្នកធាក់ស៊ីក្លូបច្ចុប្បន្នល្អជាងមុន ដោយពួកគាត់មានដើមទុនស្រាប់ ទោះបីជាមិនដឹកភ្ញៀវក៏នៅតែមានប្រាក់ជាប់ជាប្រចាំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល និងស្រស់ស្រូបអាហារជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូជាង ៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានលើកឡើងថា ស្ថានភាពអ្នកធាក់ស៊ីក្លូ បច្ចុប្បន្នមានភាពល្អប្រសើរជាងមុន ដោយពួកគាត់មានដើមទុនស្រាប់ ។

សម្ដេចតេជោ បានបញ្ជាក់ថា មានដើមទុនស្រាប់ គឺពួកគាត់ក្នុងម្នាក់ៗ ទទួលបានប្រាក់៧ពាន់រៀល ពីសមាគមអ្នកធាក់ស៊ីក្លូកម្ពុជា ។ ក្នុងប្រាក់៧ពាន់រៀល គឺ២ពាន់ថ្លៃជួលស៊ីក្លូ និង៥ពាន់រៀល សម្រាប់ថ្លៃម្ហូបអាហារ ដែលនេះ បញ្ជាក់ថា បើពួកគាត់មិនបាច់រត់ដឹកភ្ញៀវក៏មានប្រាក់ស្រាប់ ។ សម្តេចតេជោ បន្តថា សមាគមនេះ ជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បញ្ហាសង្គម ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ស្ថានភាពស៊ីក្លូបច្ចុប្បន្នល្អជាងមុន ដែលបង្កសុវត្ថិភាពដល់អ្នកជិះផងដែរ។ ជាពិសេសក្នុង១ថ្ងៃទទួល៧ពាន់រៀលពីសមាគម។ អ្នកធាក់ស៊ីក្លូមានដើមទុនក្នុងដៃ។ ថ្លៃជួល២ពាន់ និងថ្លៃម្ហូប៥ពាន់។ អ្នកធាក់ស៊ីក្លូមានដើមទុន ស្រាប់ ទោះបីជាមិនដឹកភ្ញៀវក៏នៅតែមានប្រាក់ជាប់ជាប្រចាំ” ។ បន្ថែមពីលើនេះទៀត សម្តេចថា មូលនិធិនេះ នឹងបន្តទទួលប្រាក់ឧបត្ថម្ភរហូតទៅដល់ពេលស្លាប់។ ដរាបណាបើសម្តេចបន្តធ្វើនាយករដ្ឋមន្រ្តីសមាគមនេះ នឹងមិនបាត់បង់នោះទេ។

សូមបញ្ជាក់ថា ក្រុមអ្នកធាក់ស៊ីក្លូមកជួបជុំជាមួយសម្តេចតេជោ ហ៊ុន សែន គឺបានទទួលប្រាក់២០ម៉ឺនរៀល និងសំភារៈមួយចំនួនទៀត ។

ឯ,ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នមូលនិធិស៊ីក្លូ មានសមាជិកសរុប ៣២០នាក់។ ដោយមើលឃើញពីបញ្ហាប្រឈមរបស់អ្នកធាក់ស៊ីក្លូ ក៏ដូចជាការក្សាអត្តសញ្ញាណស៊ីក្លូ ដែលជាយានមួយរបស់កម្ពុជា។ សម្តេចតេជោ បានសម្រេចបង្កើត «មូលនិធិត្រីចក្រយានយន្ត» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» កាលពីខែមករា ឆ្នាំ២០១៨ ។

មូលនិធិនេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាប្រមាណ ១៤ម៉ឺនដុល្លារទៅក្នុងមូលនិធិ ហើយបន្តដាក់ប្រាក់ប្រមាណ ២ម៉ឺនដុល្លារក្នុងមួយខែថែមទៀតផង។ មូលនិធិ បានសម្រេចផ្តល់ថវិកាប្រមាណ ៧,០០០រៀលក្នុងមួយថ្ងៃ (៥,០០០រៀលសម្រាប់អាហារ និង២,០០០រៀលសម្រាប់ជួលស៊ីក្លូ) ឬស្មើនឹង ២១ម៉ឺនរៀលក្នុងមួយខែ។ ប្រាក់ឧបត្ថម្ភនេះ បើកជូនរៀងរាល់ ១០ថ្ងៃម្តងតាមប្រព័ន្ធវីង (Wing)។

តាមរយៈមូលនិធិ បានរួមចំណែកដោះស្រាយការលំបាកមួយចំនួន របស់អ្នកប្រកបរបរធាក់ស៊ីក្លូ និងជួយឲ្យថវិការកបានដោយលំបាកពីការធាក់ស៊ីក្លូបានសល់សម្រាប់ទ្រទ្រង់ជីវភាពផងដែរ។ បើទោះបីជាយ៉ាងណាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ក៏នៅតែបន្តប្រឈមការលំបាកព្រោះគ្មានកន្លែងសម្រាន្តឲ្យបានសមរម្យ ដោយនៅតែបន្តសម្រាន្តនៅតាមស៊ីតាមសំយ៉ាបផ្ទះរបស់គេ។ បច្ចុប្បន្ន មួយភាគធំនៃចំណូលរបស់ពួកគាត់បានមកពីភ្ញៀបរទេសនិងក្រុមហ៊ុនទេសចរណ៏តែប៉ុណ្ណោះ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner