សម្ដេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅវិមានសន្តិភាព
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញញាតឱ្យ ឯកឧត្តម ព្យែរ ប៊យ៉ៃ អគ្គលេខាធិការសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា ឯកឧត្តម ព្យែរ ប៊យ៉ៃ អគ្គលេខាធិការសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានអញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើគម្រោងរយៈពេល៣ឆ្នាំ (២០១៩-២០២១) ក្នុងថវិកាប្រមាណ១លានអឺរ៉ូ (ជាង១,១៣លានដុល្លារ) ដើម្បីចាប់ផ្តើអនុវត្តក្នុងគោលបំណងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសកម្ពុជា។

គម្រោង៣ឆ្នាំគឺ «ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា លើវិស័យ រៀបចំ ក្រុង ប្រកបដោយនិរន្តរភាព ដើម្បីរៀបចំឡើងវិញតំបន់អនាធិបតេយ្យ និងធានានូវលទ្ធភាពទទួល បានសេវាកម្មសំខាន់ៗសម្រាប់ជនក្រីក្រ»។ គម្រោងនេះ នឹងត្រូវអនុវត្តក្នុងភាពជាដៃគូសហការរវាង AIMF រដ្ឋបាលរាជធានីភ្នំពេញ សាលាក្រុងប៉ារីស សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។

គម្រោងនេះ បានដៅលទ្ធផលរំពឹងទុកចំនួនបីគឺ៖ លទ្ធផលទី១)កែលំអជីវភាពរស់នៅរបស់សហគមន៍ នៅតាមដងប្រឡាយស្ទឹងមានជ័យ តាមរយៈការសម្របសម្រួលជាមួយរដ្ឋបាលនានា និងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការធ្វើផែនការ និងការគ្រប់គ្រងទីប្រជុំជន។ លទ្ធផលទី២)កែលំអការអនុវត្តច្បាប់ និងការសម្របសម្រួលរវាងរដ្ឋបាល នៅតាមថ្នាក់នានា ដោយប្រើប្រាស់លទ្ធផលនៃ គំនិតផ្តួចផ្តើមសាកល្បងនានា និងតាមរយៈយុទ្ធសាស្រ្តសម្របសម្រួលមតិ។ លទ្ធផលទី៣)ពង្រឹង តួនាទីរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីបំពេញបេសកកម្មរបស់ខ្លួន ក្នុងការសម្របសម្រួលមតិ ការកសាងសមត្ថភាពសមាជិក ការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អ៕ធ.ដ
