ខេត្តសៀមរាប ប្រារព្ធខួបទី១០៨ឆ្នាំ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនៅ មហោស្រពអាណាចក្រអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរ ក្រុង ស្រុក បងប្អូនមន្ត្រីរាជការជានារី សរុប ចំនួន១ពាន់៣០០នាក់ចូលរួម។

បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់លោកស្រី ហិញ ហាច ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកជំទាវ យូ សុភា អភិបាលរងខេត្ត បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថស៊ីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលរួចមក ឯកឧត្តម ទៀ សីហា  អភិបាលខេត្តសៀមរាប បានដាក់ចេញនូវគោលការណ៍ សម្រាប់សមត្ថកិច្ចដែលពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះស្រ្តីកំពុងជាប់ ក្នុងពន្ធនាគារ និងបានដាក់ចេញនូវបម្រាមដាច់ខាតមិនឲ្យមានការសម្របសម្រួលសុំសម្រាលទោស ចំពោះជនណាដែលប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈលើអនីតិជន។ 

អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះស្ត្រីជាទណ្ឌិត ដែលកំពុងជាប់ក្នុងពន្ធនាគារ ដោយសម្តេចបានឲ្យសមត្ថកិច្ច-ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាអំពីការស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាស្រ្តីផងដែរ។ ឯកឧត្តមក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព ក្រុង ស្រុក ដែលបានរួមគ្នាប្រារព្វពិធី ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨ មីនា  ឆ្នាំ ២០១៩នេះឡើង ព្រមទាំងបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក៏មិនមែនបានសេចក្តីថា សិទ្ធនារីតែមួយថ្ងៃនោះទេ។ ដូច្នេះរាជរដ្ឋាភិបាល ក៏បានត្រូវយកចិត្តទុកដាក់លើស្រ្តី ហើយស្រ្តីបានដើរតួនាទីស្មើនឹងបុរស ក្នុង កិច្ចការអភិវឌ្ឍសង្គម និងប្រទេសជាតិ ត្រូវបានស្រ្តីចូលរួមគ្រប់សកម្មភាពជាមួយបុរស។

ឯកឧត្តមអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា គ្រប់អង្គភាព-ស្ថាប័នសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធត្រូវអនុវត្តនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ ឯកឧត្តមបាន លើកឡើងបន្ថែមថា ស្រ្តីជាមាតាដែលត្រូវបានទទួលទោសទណ្ឌ  ពិតជាមានអារម្មណ៍ខ្លោចផ្សារណាស់ ចំពោះកូនតូចរបស់ខ្លួន  ដែលជាប់នៅជាមួយទាំងរូបគេពុំមានទោសកំហុសអ្វីសោះឡើយ។  ឯកឧត្តម  ទៀ សីហា  ក៏បានបង្ហាញឲ្យដឹងផងដែរថា ឯកសារ ការប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជា ដែលបានដាក់បញ្ចូលផងដែរ នូវបញ្ហារបស់ស្រ្តី ទៅក្នុងក្រុមនៃជនងាយរងគ្រោះ នៃផែនការជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្រ្តីលើកទី៣ ( ២០១៩-២០២៣ )។

ឯកឧត្តមបន្តទៀតថា  ដូច្នេះនៅថ្នាក់ក្រោមជាតិ ត្រូវផ្តល់សេវា និងរួមគ្នាទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រ្តី រួមទាំងការរំលោភសេពសន្ថវៈ និងការបៀតបៀនផ្លូវភេទ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០១៨កន្លងទៅ  បានឲ្យដឹងថា  មានបទល្មើសរំលោភសេពសន្ថវៈ បានកើតឡើងជាមធ្យមចំនួន០៣ករណីជារៀងរាល់ថ្ងៃនៅ ក្នុងខេត្តសៀមរាប ហើយជនរងគ្រោះទាំងនោះ មួយចំនួនជាក្មេងស្រីមានអាយុក្រោម១៥ឆ្នាំ។ 

ឯកឧត្តម  ទៀ សីហា បានដាក់បំរាមយ៉ាងម៉ឹងម៉ាត់ ចំពោះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនត្រូវឲ្យមានការសម្របសម្រួល ឬសុំសម្រាលទោស ចំពោះជនណាដែលបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ លើអនីតិជនជាដាច់ ខាត។  ឯកឧត្តមអភិបាលខេត្ត ហៅជនដែលបានប្រព្រឹត្តអំពើអាណាចារទាំងនោះ ថាជាសត្វ មិនមែនជាមនុស្សនោះទេ មិនត្រូវលើកលែងទោសឲ្យ ជាដាច់ខាត។

ក្នុងគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់អំពើហិង្សាលើស្រ្តី ការលុបបំបាត់អំពើកេងប្រវ័ញ្ជជួញដូរ និងរំលោភផ្លូវភេទ រាជរដ្ឋាភិបាលម្ពុជា បានជំរុញឲ្យគ្រប់បណ្តាអង្គភាព-ស្ថាប័ន ចូលរួមគាំទ្រ សំដៅ លើកកម្ពស់ភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី ដើម្បីធ្វើឲ្យប្រសើរឡើង នូវការអភិវឌ្ឍជីវភាពសេដ្ឋកិច្ចគ្រួសារ និង សង្គមជាតិ។ សមភាពយេនឌ័រ  ការពង្រឹងភាពអង់អាចដល់ស្រ្តី និងការផ្តល់សេវាគាំពារសង្គម គឺជាកត្តាចាំ បាច់បំផុត ដើម្បីធានាបាននូវដំណើរការសង្គម ប្រកបដោយសុខដុមរមនា៕ធ.ដ

​ដោយ៖​ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner