អត្រាកុមារមានជំងឺគ្រុនឈាមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានការកើនឡើងគួរឲ្យព្រួយបារម្ភ
កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនស្ត្រីមានផ្ទៃពោះ និង សម្រាលកូនរួចព្រមទាំងកុមារតូចៗ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា ខេត្តសៀមរាប )។ ក្នុងការចុះសួរសុខទុក្ខ សំណេះសំណាលនោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងសមាជិក ប្រតិភូ បានជួបធ្វើការសន្ទនាយ៉ាងស្និទ្ធស្នាល ជាមួយបងប្អូនជាម្តាយរបស់កុមារ ដែលបានមកទទួលសេវាពិនិត្យ ព្យាបាល និងកំពុងសម្រាកព្យាបាល។

តាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្មន័ទី៧ (គន្ធបុប្ផាខេត្តសៀមរាប) បានឲ្យដឹងថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០១៩នេះ អត្រាកុមារមានជំងឺគ្រុនឈាម ហើយបានមកសម្រាក ព្យាបាលនៅក្នុងមន្ទីរគន្ធបុប្ផាខេត្តសៀមរាបនេះ មានការកើនឡើងគួរឲ្យព្រួយបារម្ភ។ លោកបានបន្តទៀតថា កាលពីខែមករាឆ្នាំ២០១៨កន្លងទៅ កុមារមានជំងឺគ្រុនឈាម ដែលបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ មានតែប្រមាណ៥០នាក់ប៉ុណ្ណោះ។

ប៉ុន្តែសម្រាប់ខែមករា ឆ្នាំ២០១៩នេះ គឺកុមារមានជំងឺគ្រុនឈាមបានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ មានចំនួនប្រមាណ៦៥០នាក់ គឺមានការកើនឡើងរហូតទៅដល់១១ដង បើធៀបទៅនឹងកាលពីឆ្នាំមុន។ លោកសាស្រ្តាចារ្យបានបញ្ជក់ថា កុមារដែលមានជំងឺគ្រុនឈាម ហើយបានមកសម្រាកព្យាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះ ភាគច្រើនមានស្ថានភាពធ្ងន់ ហើយករណីខ្លះស្ទើរតែជួយសង្គ្រោះមិនបាន ។ លោកសាស្រ្តាចារ្យ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ឬមាតាបីតាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ បើសិនឃើញកូនក្តៅខ្លួនខ្លាំងក្នុងរង្វង់៣៩ទៅ៤០អង្សាសេ ដាក់ថ្នាំប៉ារ៉ាមិនត្រជាក់ប្រញាប់មកកាន់មន្ទីរពេទ្យ កុំទុកបណ្តោយឲ្យ កូនឈឺធ្ងន់ខ្លាំងដុនដាប ទើបយកមកពេទ្យនោះ។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងដែរថា ឆ្នាំនេះគឺពិតជាប្លែកជាងឆ្នាំមុនមែនព្រោះថា ជារៀងរាល់ឆ្នាំនៅក្នុងខែនេះស្ថានភាពជំងឺគ្រុនឈាមត្រូវបានថយ ចុះ ប៉ុន្តែសម្រាប់ឆ្នាំនេះបែរជាមានកើតឡើងច្រើនគួរឲ្យព្រួយបារម្ភ។ លោកបានបញ្ជាក់ថា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមានអ្នកជំងឺគ្រុនឈាមនេះ មកសម្រាកព្យាបាលភាគច្រើនមកពីតាមបណ្តាស្រុក ហើយសុទ្ធ តែធ្ងន់ៗ ហើយក្នុង១ថ្ងៃយ៉ាងហោចណាស់ក៏មាន២ទៅ៣ករណីដែរដែលបានចូលមកសម្រាកព្យាបាល។

ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីក្រើនរំលឹកស្តីអំពីវិធានការការពារជំងឺគ្រុនឈាម ដើម្បីទប់ស្កាត់នូវជម្ងឺគ្រុនឈាមក្នុងឆ្នាំ២០១៩ ហើយជំងឺគ្រុនឈាម ជាជំងឺអាចកើតឡើងលើមនុស្សគ្រប់វ័យ ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ ដោយឯកឧត្តម និងលោកជំទាវ មានការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារកនិងកុមារ ក៏បានសម្តែងនូវអំណរគុណ និងរំលឹកដឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយជីវិតរបស់លោក គឺស្រឡាញ់កុមារកម្ពុជា ហើយបានបូជាកម្លាំងកាយចិត្ត ក្នុងការប្រមូលនូវមូលនិធិ ដើមី្បទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា សំខាន់នៅខេត្តសៀមរាប។

ម៉្យាងទៀតពេលលោកលាចាកពីយើងគ្រប់គ្នាទៅក៏ពិតមែន តែមរតកដែលកុមារ និងអ្នកម្តាយនៅកម្ពុជា មិនអាចបំភ្លេចបានឡើយ គឺមន្ទីរពេទ្យគន្ធបុប្ផា ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជា បានប្រសិទ្ធនាមជូនលោក ជាគ្រូពេទ្យទេវតាទៀតផង។ ក្នុងនោះដែរឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលកុមារកម្ពុជា ព្រមទាំងបានធ្វើការណែនាំក្រុមគ្រូពេទ្យ ឲ្យប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌គ្រូពេទ្យ ជាមួយបងប្អូនដែលចូលមកទទួលសេវាព្យាបាលផងដែរ។
ទោះបីលោកវេជ្ជបណ្ឌិតបានលាចាកចោលយើងក៏ពិតមែន ក៏ប៉ុន្តែក៏នៅមានក្រុមគ្រូពេទ្យដ៏ចំណានៗ ដែលជាមិត្តភ័ក្ត និងសិស្ស របស់លោកផងដែរ ដែលបានខិតខំបន្តនូវស្នាដៃមរតករបស់គ្រូពេទ្យទេវតា មិនឲ្យប្រជាពលរដ្ឋ កម្ពុជាព្រួយបារម្ភឡើយ។ ក្នុងនោះដែរ លោកប្រធានគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្មនទី៧ ក៏បានបញ្ជាក់ជូនប្រតិភូខេត្តឲ្យដឹងថា នៅពេលខាងមុខនេះ មន្ទីរពេទ្យនឹងធ្វើការសាងសង់ អគារបោសសម្អាត សម្ភារក្នុងមន្ទីរពេទ្យដើមី្ប ធានាឲ្យបាននូវតម្រូវការដល់អ្នកជំងឺ ដែលចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
លោកក៏បានបន្តទៀតថា ក្នុងមួយថ្ងៃៗមានស្រ្តីមានផ្ទៃពោះចូលមកពិនិត្យពោះ និងសម្រាលកូន ហើយមន្ទីរពេទ្យក៏មានលទ្ធភាព បង្កើតកូនក្នុងពេលតែមួយ បានទៅដល់៨នាក់។ បច្ចុប្បន្ននេះមន្ទីរពេទ្យក៏មានឧបករណ៍ស្វ័យ ប្រវត្តិទំនើបៗ ក្នុងការថតពិនិត្យប្រព័ន្ធខួរក្បាល និងមេរោគរបេងខួរក្បាល ព្រមទាំងធ្វើការព្យាបាលវះកាត់បេះដូង និងការទប់ស្កាត់ការដាច់សរសៃឈាមនៅក្នុងសួត ក្រពះ ដោយប្រព័ន្ធកុំព្យូទ័រ ដោយមិនបាច់ធ្វើការវះ កាត់ទៀតផង ៕ធ.ដ
ដោយ៖ ម៉ី សុខារិទ្ធ