សម្ដេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ ត្រូវលុបបំបាត់ឲ្យបានជាដាច់ខាត ការរើសអើងយេនឌ័រ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្រសួងមហាផ្ទៃ ត្រូវតែលុបបំបាត់ឲ្យបានជាដាច់ខាត នូវប្រកាន់ទស្សនៈ និងរើស អើងយេនឌ័រ ដែលនាំឲ្យមានភាពលម្អៀងរវាងស្ដ្រី និងបុរស ឬការវាយតម្លៃពីប្រសិទ្ធភាពការងារ និងដើម្បីសម្រេចបានយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល។ ការលើកឡើងរបស់សម្ដេច ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយលោកជំទាវ ក្នុងពិធីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ និងមានការចូល រួមពីថ្នាក់ដឹកនាំ មន្ដ្រីរាជការជានារីជាច្រើនរូបផងដែរ។
សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងមហាផ្ទៃ សូមបញ្ជាក់ការប្ដេជ្ញាចិត្តជាថ្មី គឺត្រូវលុបបំបាត់ឲ្យបានដាច់ខាត នូវទស្សនៈ ឬក៏ការរើសអើសយេនឌ័រ នៅក្នុងក្រសួងដែលនាំឲ្យមានភាពលម្អៀង រវាងស្ដ្រី និងបុរស ក្នុងការវាយតម្លៃអំពីប្រសិទ្ធភាពការងាររបស់ស្ដ្រី ដែលនេះខ្ញុំគិតថា មិនមែនជាចំណុចថ្មីនោះទេ គឺជាចំណុចដែលយើងបានចាប់ផ្ដើមតាំងពីដើមមក»។ សម្ដេចបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថាប័នរដ្ឋទាំងអស់ មិនមែនជាប់ជំពាក់នូវរឿងនេះទេ (រើសអើងយេនឌ័រ) ប៉ុន្ដែផ្ទុយទៅវិញ ដើម្បីឲ្យចេញជាលទ្ធផលជាក់ស្ដែង អ្នកពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំដើម្បីលើកកម្ពស់គុណភាពស្ដ្រីតាមរយៈ ការផ្ដល់នូវតួនាទី ភារកិច្ច តាមរយៈការខិតខំប្រឹងប្រែងរបស់ស្ដ្រីខ្លួនឯង។ ទន្ទឹមនឹងការជួយជ្រោមជ្រែងពីបុរសនោះ ស្ដ្រីខ្លួនឯងក៏ត្រូវតែខិតខំបំពេញការងាររបស់ខ្លួនផងដែរ ដើម្បីសម្រេចគោលដៅ បើមិនដូច្នេះទេមិនអាចទៅរួចនោះឡើយ។
បើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានលើកឡើងថា ស្ថានភាពក្របខណ្ឌ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ មានចំនួនសរុប១៣,២៤១រូប ស្ត្រី៣,៣០០រូប។ ដោយឡែក ស្ថានភាពក្របខណ្ឌមន្ត្រីនគរបាលជាតិ មានចំនួនសរុប៥៨,១៨៣រូប ស្រ្តីមាន៤,៣២៩រូប ស្មើនឹង ៧,៤% ក្នុងនោះមន្ត្រីនគរបាលជាតិ ថ្នាក់ជាតិ ស្ដ្រី១,៥០២រូប លើ១៨,៤៩៩ ស្មើនឹង៨,១១% និងថ្នាក់ក្រោមជាតិ ស្ដ្រី២,៨២៧រូប លើ៣៩,៦៨៤រូបស្មើនឹង៧,១២% (ប្រៀបធៀបនឹងឆ្នាំ២០១៧ មានការកើនឡើងមន្ត្រីជាស្ត្រី ១០,០៧%)៕

