អាវុធហត្ថខេត្តស្ទឹងត្រែងចាប់ខ្លួនជនជាតិឡាវម្នាក់ រឹបអូសបានថ្នាំញៀនជិត១ម៉ឺនគ្រាប់
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ខ្លួនបាន រួមនឹងថ្នាំញៀនរាប់ពាន់គ្រាប់ ពេលដែលជនសង្ស័យរូបនេះ កំពុងចរាចរណ៍ថ្នាំញៀនពីប្រទេសឡាវចូលមកក្នុងដីកម្ពុជានៃខេត្តស្ទឹងត្រែង។ ប្រតិបត្តិការ នេះបានធ្វើឡើងនៅវេលាម៉ោង០៣ និង៥៥នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកស្ពានទី២ តាមមណ្តោយផ្លូវទៅកាន់ព្រំដែនកម្ពុជាឡាវ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង- ខេត្តស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ប៊ុន ម៉ា អាយុ ៤៣ឆ្នាំ ជនជាតិឡាវ រស់នៅក្នុងភូមិបានដន ស្រុកផូនហូង ទីក្រុងវៀងចន្ទ ប្រទេសឡាវ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះបានជោគជ័យ តាមរយៈភ្នាក់ងារសម្ងាត់បានរាយការណ៍មកមន្ត្រីអាវុធហត្ថ ដូច្នេះលោកមេបញ្ជាការអាវុធហត្ថខេត្ត បានដាក់បទបញ្ជាមកឲ្យកម្លាំងចុះពួនស្ទាក់ចាំឃ្លាំមើលរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានតែម្តង។ បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យបាន ក្នុងនោះកម្លាំងជំនាញរកឃើញកញ្ចប់ថ្នាំញៀនចំនួនពីរកញ្ចប់ធំ ស្នើនឹង៣៩កញ្ចប់តូច មានចំនួនស្មើនឹង៧៦៨៣គ្រាប់ ជាប្រភេទថ្នាំយ៉ាម៉ា។ ជនសង្ស័យរូបនេះត្រូវមន្ត្រីអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងខេត្តស្ទឹងត្រែងចាត់ការបន្តតាមនីតិវិធីច្បាប់៕


