បុកគ្រឹះសាងសង់រោងចក្រកាត់ដេរ តម្លៃ១៥០លានដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

សំណង់ការដ្ឋានរោងចក្រកាត់ដេរតម្លៃ១៥០លានដុល្លារ បានធ្វើពិធីបុកគ្រឹះរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេស ជាយរាជធានីភ្នំពេញ។ សំណង់ការដ្ឋានរបស់ក្រុមហ៊ុន Shenzhou International Group Holdings បានធ្វើពិធី បុកគ្រឹះកាលពីថ្ងៃទី៦មីនា ក្រោមអធិបតីភាពបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធៀន។ រោងចក្រកាត់ដេរនេះមានឈ្មោះ Marvel Garment Co. LTD. ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកការដ្ឋានសាងសង់រោងចក្រថ្មីនោះ គឺបានឆ្លុះបញ្ជាំងពីសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ បណ្ឌិត ហ៊ុន ម៉ាណែត បាន បន្តថា ការសាងសង់រោងចក្រថ្មីបន្ថែមទៀតនោះ គឺដើម្បីបង្កើនផលិតភាពឲ្យទាន់តម្រូវការរបស់អតិថិជនដែលតែងតែជឿជាក់មកលើក្រុមហ៊ុន និងប្រទេសកម្ពុជា។

ប្រធានក្រុមហ៊ុន Shenzhou លោក ម៉ា ជៀនរុង បានថ្លែងក្នុងឱកាសនោះថា ក្រុមហ៊ុនរបស់លោកបានបណ្តាក់ទុនក្នុងប្រទេសកម្ពុជានេះរយៈពេល១៤ឆ្នាំមកហើយ និងបានក្លាយជាក្រុមហ៊ុនវាយនភណ្ឌធំជាងគេមួយ ក្នុង ប្រទេសកម្ពុជា ជាមួយនឹងការនាំចេញប្រមាណជា៤៤០លានដុល្លារនៅឆ្នាំ២០១៨ និងបានផ្ដល់ការងារធ្វើ ប្រមាណ១ម៉ឺន១ពាន់៥០០នាក់។ សំណង់ថ្មីនៃរោងចក្រតម្លៃ១៥០លានដុល្លារដែលទើបចាប់ផ្តើមសាងសង់នេះ គ្រោង នឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២១ ដែលអាចផ្ដល់ការងារប្រមាណ១ពាន់៧០០កន្លែង៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner