គោលបំណងសំខាន់ចំនួន០៣ បានលើកយកមកពិភ្សាក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ជូនអង្គការមិនមែនរដ្ឋាភិបាល (NGO) ក្នុងក្របខណ្ឌវិស័យកសិកម្មចំនួនជាង ៤០ ក្នុងនោះ ២៣ ជាអង្គការ NGO ក្នុងស្រុក និង ១៧ ទៀតជាអង្គការ NGO ក្រៅប្រទេស។
សិក្ខាសាលានេះមានគោលបំណងធំៗចំនួន០៣ គឺទី១)លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការ NGO ដែលកំពុងបំពេញភារកិច្ចពាក់ព័ន្ធនឹងវិស័យកសិកម្ម ទី២)បង្កើតឱកាសឲ្យភាគីទាំងពីរបានជួបប្រាស្រ័យទាក់ទង សន្ទនាគ្នា បង្កើនភាតរភាពស្និទ្ធស្នាល សាមគ្គី គោរព និងយោគយល់គ្នាល្អប្រសើរ រួចរួមគ្នាបន្តបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ សង្គម និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ទី៣)រួមគ្នាកំណត់នូវបញ្ហាប្រឈមនានា ពិនិត្យមើលឡើងវិញអំពីចំណុចខ្លាំង ចំណុចខ្សោយ ឧបសគ្គ រួចលើកទិសដៅសម្រាប់ជាចក្ខុវិស័យអនុវត្តបន្តឲ្យកាន់តែមានសកម្មភាពទ្វេឡើង ទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន ផែនការ និងកម្មវិធីអភិវឌ្ឍន៍ជាតិ ពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ និងវាយតម្លៃជាវិជ្ជមានចំពោះគ្រប់បណ្តាអង្គការ NGO ទាំងអស់ដែលមានសមានចិត្ត និងសុឆន្ទៈក្នុងការជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងគ្រប់កាលៈទេសៈចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា។ កម្ពុជាគឺជាប្រទេសអសន្តិសុខស្បៀង និងអសន្តិសុខសង្គម រហូតទទួលបាននូវសុខសន្តិភាពពេញលេញ និងក្លាយជាប្រទេសផលិតស្បៀងសម្រាប់នាំចេញ និងទទួលបានកំណើនសេដ្ឋកិច្ច ៧%។ ប្រាកដណាស់ថា សមិទ្ធផលទាំងអស់នេះ ពិតជាបានមកដោយសារការខិតខំប្រឹងប្រែង និងសហការគ្នាល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមបានបន្តថា ដើម្បីរក្សាសមិទ្ធផលទាំងអស់នេះឲ្យមានចីរភាព និងនិរន្តរភាព ក្រសួងប្ដេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ និងស្វាគមន៍នូវកិច្ចសហប្រតិបត្តិការជាមួយអង្គការ NGO ទាំងអស់ ដែលប្រតិបត្តិដោយសុឆន្ទៈ និងឈរលើឧត្តមគតិបម្រើប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ឯកឧត្តមបន្ថែមថា សិក្ខាសាលានេះ ពិតថា ជាការជួបជុំលើកទី១ ប៉ុន្តែឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា វាប្រាកដជានឹងរួមចំណែកលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា បង្កើនភាពស្និទ្ធស្នាល កំណត់នូវបញ្ហាប្រឈមនានា ពិនិត្យមើលឡើងវិញអំពីចំណុចខ្លាំង ចំណុចខ្សោយ លើកទិសដៅអនុវត្តច្បាស់លាស់ សម្រាប់ជាចក្ខុវិស័យអនុវត្តបន្តឲ្យកាន់តែមានសកម្មភាពទ្វេរឡើង ទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។ នេះជាឱកាសមួយដែលយើងអាចពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីការចូលរួមចំណែករបស់អង្គការ NGO ដែលជាដៃគូអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ ក៏ដូចជាការប្រើប្រាស់មូលនិធិឱ្យបានចំទិសដៅ មានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន។ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់នូវគំនិតថ្មីៗបន្ថែមទៀតជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការ NGO ពាក់ព័ន្ធទាំងអស់ សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្ត ដែលមានខ្លឹមសារ ៖ ទី១)គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តខិតខំបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីសម្រេចនូវគោលដៅនៃការកែទម្រង់វិស័យកសិកម្ម ពិសេសការធ្វើទំនើបកម្មកសិកម្ម ទី២)អង្គការ NGO គួរយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពសហគមន៍កសិកម្មឲ្យមានលក្ខណៈជាកសិធុរកិច្ច និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឲ្យមានប្រសិទ្ធភាពខ្ពស់ ទី៣)ត្រូវខិតខំរួមគ្នាដើម្បីជំរុញការធ្វើពិពិធកម្មកសិកម្ម បង្កើនតម្លៃបន្ថែមខ្ពស់ និងមានសក្តានុពលលើផលិតកម្មដំណាំ ការចឹញ្ចឹមសត្វ និងវារីវប្បកម្ម ទី៤)សូមឲ្យអង្គការ NGO បន្តសហការអនុវត្តខ្លឹមសារអនុស្សរណៈយោគយល់គ្នាឲ្យបានខ្ជាប់ខ្ជួន ពេលលេញ និងមានប្រសិទ្ធភាព និងសូមជៀសវាងជាដាច់ខាតនូវសកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធការធ្វើនយោបាយ ការគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្មជាដើម៕ម.ន





