ធ្លាយសាយភាយអាម៉ូញ៉ាក់នៅសិប្បកម្មផលិតទឹកកTOP ICE អ្នកភូមិប្តឹងអាជ្ញាធរចុះបិទទាំងយប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សិប្បកម្មផលិតទឹកកកដើម និងទឹកកកអនាម័យមួយកន្លែង បានធ្លាយសាយភាយជាតិអាម៉ូញ៉ាក់ បង្កឲ្យប៉ះពាល់ដល់សុខភាព ត្រូវអ្នករស់នៅជិតខាងនាំគ្នាប្តឹងអាជ្ញាធរចុះទៅបិតទាំងយប់ កាលពីវេលាម៉ោង១៩យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅសិប្បកម្មផលិតទឹកកTOP ICE ស្ថិត
នៅផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងរសៀលថ្ងៃទី០៦ ខែមីនា ស្រាប់តែជាតិអាម៉ូញ៉ាក់បានសាយភាយក្លិនចេញពីសិប្បកម្មផលិតទឹកកកខាងលើ បង្កឲ្យអ្នកក្បែរខាងពិបាករស់នៅ ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។ តាមព័ត៌មានឲ្យដឹងថា សិប្បកម្មនេះ បានធ្លាយជាតិអាម៉ូញ៉ាក់ជា
បន្តបន្ទាប់៣ទៅ៤ដងមកហើយក្នុងសប្តាហ៍នេះ។

តាមលោក ជុំ  សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានឲ្យដឹងថា នៅដើមខែមីនានេះ សិប្បកម្មផលិតទឹកកក TOP ICEបានធ្លាយជាតិអាម៉ូញ៉ាក់ចំនួន៣ដងមកហើយ។ បន្ទាប់ពីមានការធ្លាយជាតិអាម៉ូញ៉ាក់នៅវេលាម៉ោងប្រមាណ៧យប់នេះ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ រួមទាំងមន្រ្តីជំនាញ អាជ្ញាធរសង្កាត់ និងសមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងដើម្បីសាកសួរ។

តាមមេការសិប្បកម្មបានឲ្យដឹងថា មូលហេតុដែលសាយភាយជាតិអាម៉ូញ៉ាក់ដោយសារតែម៉ាស៊ីនចង្វាក់ផលិតកម្មខូច ហើយជាងដោះធ្វើ និងជាតិអាម៉ូញ៉ាក់ដែលនៅសេសសល់បានសាយភាយ។ ទោះបីយ៉ាងណានេះជាការដោះតែប៉ុណ្ណោះ អាជ្ញាធរក៏បានធ្វើកំណត់ហេតុបិទសិប្បកម្មសណ្តោះអាសន្តរង់ចាំមន្ត្រីជំនាញ និងអាជ្ញាធរចុះត្រួតពិនិត្យច្បាប់អនុញាតនៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner