ជិះម៉ូតូគេចពីម៉ូតូខាងមុខ ជ្រុលទៅកៀរទ្រូងផ្លូវបណ្តាលឲ្យដួលបាក់ភ្លៅឆ្វេង
ភ្នំពេញ៖ យុវជនម្នាក់បានបាក់ភ្លៅម្ខាង ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីរូបគេបានជិះម៉ូតូលឿនវ៉ាជែង យានខាងមុខ ហើយគេចពីម៉ូតូផ្សេងទៀត ជ្រុលទៅកៀរទ្រូងផ្លូវបណ្តាលឲ្យដួល និងបាក់ភ្លៅឆ្វេង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-2286 ជាមធ្យោបាយ។ មុនកើតហេតុ នៅវេលាម៉ោងខាងលើ ជនរងគ្រោះជិះម៉ូតូ ពីលិចទៅកើត វ៉ាជែងយានផ្សេងៗ ជាបន្តបន្ទាប់ លុះដល់ចំណុចកើតហេតុ គេចពីម៉ូតូស្របទិសគ្នាខាងមុខ ក៏ជ្រុលទៅកៀរបោកផ្ទប់នឹងទ្រូងផ្លូវដោយខ្លួនឯង បណ្តាលឲ្យបាក់ភ្លៅឆ្វេង។

ក្រោយកើតហេតុ ជនរងគ្រោះនឹកថាមិនមានបញ្ហាអ្វី បានអ្នកដំណើរជួយលើកម៉ូតូហើយ ជនរងគ្រោះអង្គុយម្នាក់ឯង អស់រយៈពេលជាងមួយម៉ោង ទើបដឹងថាបាក់ភ្លៅ ងើបទៅណាមិនរួច ទូរសព្ទប្រាប់បងប្អូន ហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យ។ ចំណែក ម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ចោមចៅ៣ រង់ចាំប្រគល់ជូនជនរងគ្រោះវិញពេលក្រោយ៕ធ.ដ

