សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។

សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានរយៈពេល២ថ្ងៃកន្លះ ដោយបានបើកឡើងកាលពីថ្ងៃទី៥មីនា ហើយសន្និបាតនេះ ត្រូវបានចូលរួមដោយ ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួង ក៏ដូចជាឯកអគ្គរាជទូត តំណាង អចិន្ត្រៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជា។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសជាមិត្ដចំនួន១៧២ និងមានស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេសសរុបចំនួន៦០។

ថ្លែងបិទសន្និបាតប្រចាំឆ្នាំនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគ្រប់ស្ថានបេសកកម្មរបស់កម្ពុជា នៅក្រៅប្រទេស ក្នុងការតស៊ូ ដើម្បីការពារយុត្តិធម៌ជូនរាជរដ្ឋាភិបាល ជូនប្រទេសជាតិនិងប្រជាជនកម្ពុជា នៅចំពោះ មុខសភាពការណ៍តំបន់និងពិភពលោក ដែលកំពុងវិវត្ត ប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ មិនអាចប៉ាន់ស្មាន បាននិងប្រកបដោយគ្រោះថ្នាក់នោះ។

សម្ដេចលើកឡើងថា ការកាច់ចង្កូតនាវាកម្ពុជា ទាមទារការថ្លឹងថ្លែង នូវការប្រុងប្រយ័ត្នខ្ពស់ ត្រង់នេះហើយដែលការអនុវត្តនូវនយោបាយ ការបរទេស ប្រកបដោយភាព បត់បែនវាងវៃតបនឹងការប្រែប្រួលនិងសម្ពាធភូមិ សាស្រ្តនយោបាយ និង ការប្រកួតប្រជែង ដ៏តានតឹង របស់មហាអំណាចនានា នោះមានសារៈសំខាន់បំផុតដើម្បី រក្សាឱ្យ បាននូវលក្ខខណ្ឌចាំបាច់នានា ដើម្បីការពារសន្តិភាព ស្ថិរភាព ដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយឈរលើ គោលការណ៍ អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ គោលនយោបាយ ក្នុងស្រុកនិង គោលនយោបាយ ការបរទេស បំពេញឲ្យគ្នាទៅវិញទៅមក ហើយទំនាក់ទំនង មិនអាចកាត់ផ្ដាច់ ចេញពីគ្នាបានឡើយ អនុវត្តតាមបាវចនា២ របស់រាជរដ្ឋាភិបាល គឺកែទម្រង់ក្នុង បង្កើតមិត្ត ខាងក្រៅ ក្នុងស្មារតី ពង្រឹងឯករាជ្យ អធិបតេយ្យភាពជាតិ យើងនឹងបន្តបង្កើនទំនាក់ទំនងនិងសកម្មភាព ការទូតដើម្បី ពង្រឹង និងពង្រីកចំណងមិត្តភាពនិងសហប្រតិបត្តិការជាមួយប្រទេសនានា នៅលើលោកឲ្យកាន់តែ ច្រើនបន្ថែមទៀតដើម្បីលើកស្ទួយផលប្រយោជន៍ និង កិត្យានុភាពជាតិកម្ពុជា ។

ក្នុងនេះដែរ សម្ដេចតេជោ លើកឡើងថា ការផ្លាស់ប្ដូរពីរបៀបធ្វើការងារការទូតទូលាយ មកជា ការងារទូត ដែលផ្ដោតសារៈសំខាន់ ដល់ការលើកស្ទួយសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍គឺជា ការឆ្លើយតប យ៉ាង ត្រឹមត្រូវទៅនឹង សភាពការណ៍ថ្មីដែលទាមទារឲ្យអ្នកការទូត យើងរួមវិភាគទាន កាន់តែធំ ដល់ការជំរុញ សេដ្ឋកិច្ច និងវិនិយោគ ទាក់ទាញទេសចរណ៍និងការផ្សព្វផ្សាយ វប្បធម៌ ជាតិខ្មែរ ។ សម្ដេចបន្តថា យើងត្រូវ ប្រែក្លាយការប្រឈម ទាំងឡាយឲ្យក្លាយទៅជាកាលានុវត្តភាព ដើម្បីពង្រឹងខ្លួនឯង រស់ ដោយខ្លួនឯង និងអភិវឌ្ឍខ្លួនឯង ដោយកាត់បន្ថយការពឹងពាក់លើជំនួយ ពីខាងក្រៅ ឲ្យនៅតិចបំផុត តាមដែលអាចធ្វើទៅបាន ។

ជាមួយនេះ សម្ដេចតេជោ បានកោតសរសើរនិងគាំទ្រ ចំពោះគំនិតផ្ដួចផ្ដើមនិងសកម្មភាព ទាំង ឡាយ សំដៅកែទម្រង់ ការងារក្រសួងឱ្យមានប្រសិទ្ធភាពនិងសមធម៌ ការធ្វើឲ្យប្រសើរឡើង នូវ លក្ខខណ្ឌ ការងាររបស់មន្រ្តី បុគ្គលិក ការបង្កើនប្រាក់បៀវត្សជូនមន្រ្តីការទូតទៅបរទេស ហើយនិង ការបង្កើតថវិកាដំណើរការ ស្ថានបេសកកម្ម ១០ភាគរយ និង ការផ្ដល់ប្រាក់រង្វាន់សម្រាប់មន្រ្តី ក្នុង ស្រុក ។

ជាងនេះទៀត សម្ដេចបានចាត់ទុក ការយកចិត្តទុកដាក់លើធនធានមនុស្ស អ្នកការទូត ដែល ជាអ្នកអនុវត្តផ្ទាល់ នូវនយោបាយ ការបរទេសរបស់រាជរដ្ឋាភិបាល គឺមានសារៈសំខាន់ ខ្លាំងណាស់ ហើយសម្ដេចសង្កត់ធ្ងន់ថា ការដំឡើងឋានៈ តែងតាំង មុខតំណែង ដោយផ្អែកលើ សមត្ថភាព ឥរិយាបថការងារ ភាពអំណត់ព្យាយាម តាមទិសស្លោក «កុំយកលុយទៅដូរប៉ុស្តិ៍ កុំយកប៉ុស្តិ៍ ទៅរកលុយ»នោះ គឺជាកត្តាកំណត់សំខាន់បំផុត ដើម្បីបង្កើតបាននូវតម្លាភាពសមធម៌ និងបរិយាកាស មួយ ដែលលើកទឹកចិត្តដល់ មន្រ្តី បុគ្គលិក ទាំងអស់ ដែលខិតខំ ប្រឹងប្រែងបំពេញការងារ៕ធ.ដ

