ជនជាតិកាណាដាចំនួន២រូប ត្រូវបានអាជ្ញាធរចិនចោទប្រកាន់ជាផ្លូវការពីបទចារកម្ម
ចិន៖ នៅថ្ងៃចន្ទនេះ អាជ្ញាធរចិនបានសម្រេចធ្វើការចោទប្រកាន់ជនជាតិកាណាដា២នាក់ពីបទចារកម្ម ស្របពេលដែលទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កាន់តែឡើងកម្ដៅ ក្រោយកាណាដាដំណើរការនិតិវិធីធ្វើបត្យាប័ននាយកប្រតិបត្តិហិរញ្ញវត្ថុម្នាក់របស់ក្រុមហ៊ុន Huawei ទៅកាន់សហរដ្ឋអាម៉េរិក។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន អាជ្ញាធរកាណាដាបានដំណើរការជាផ្លូវការហើយ នូវនិវិវិធីធ្វើបត្យាប័នលោកស្រី Meng Wanzhou ទៅកាន់សហរដ្ឋអាម៉េរិក ខណៈលោកស្រី Meng ក៏បានដាក់ពាក្យប្ដឹងរដ្ឋាភិបាលកាណាដាវិញដែរ ពីបទរំលោភសិទ្ធិស៊ីវិលរបស់លោកស្រី ។
សូមបញ្ជាក់ថា ជនជាតិកាណាដាពីររូបនេះដែលរងការចោទប្រកាន់ខាងលើ ក្នុងនោះមានលោក Michael Kovrig ជាអតីតមន្ត្រីទូត និងលោក Michael Spavor ជាអ្នកជំនួញម្នាក់ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនកាលពីខែធ្នូកន្លងទៅ បន្ទាប់ពីលោកស្រី Meng Wanzhou ត្រូវបានអាជ្ញាធរកាណាដា ចាប់ខ្លួនតាមសំណើពីសហរដ្ឋអាម៉េរិក ដែលចោទលោកស្រីពីបទក្លែងបន្លំធនាគារ និងរំលោភលើទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់។ ប៉ុន្តែប្រទេសចិន និងក្រុមហ៊ុន Huawei ផ្ទាល់បានច្រានចោលរាល់ការចោទប្រកាន់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោកស្រី Meng៕ម.ន


