បវរកញ្ញាមកពីជុំវិញពិភពលោក សន្យាជួយផ្សព្វផ្សាយពីសក្កានុពល ទេសចរណ៍នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងកិច្ចសំណេះសំណាលជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមបវរកញ្ញា ភពផែនដី ឆ្នាំ២០១៩ (Miss planet International ២០១៩) មកពីជុំវិញ ពិភពលោក បានបង្ហាញនូវការពេញចិត្តចំពោះការទទួលបដិសណ្ឋារកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ពិសេស គឺនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ហើយបានសន្យាថានឹងជួយធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈ ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ។
គោលបំណងនៃជ្រើសរើសកម្ពុជា ជាទីតាំងរៀបចំការប្រកួតបវរកញ្ញាភពផែនដី ឆ្នាំ២០១៩នេះ គឺដើម្បីផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ដ៏សម្បូរបែប វប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជាទៅកាន់ពិភពលោក។

ក្រុមបវរកញ្ញាទាំងអស់បានទៅទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប តំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងបានឃើញពីការរស់នៅ ប្រពៃណី វប្បធម៌របស់ប្រជាជនខ្មែរផងដែរ។ ពួកគេបានស្ងើចសរសើរយ៉ាងក្រៃលែង ចំពោះសំណង់ប្រាសាទដ៏អច្ឆរិយៈ និងស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ ។ ពួកគេមានភាពកក់ក្ដៅចំពោះសុវត្ថិភាព សន្តិសុខនៅកម្ពុជា ទាំងនៅតាមផ្លូវសាធារណៈ កន្លែងស្នាក់នៅ និងកន្លែងទស្សនកិច្ចជាដើម ពិសេសពួកគេបានឃើញច្បាស់ពីសន្តិភាព ស្ថិរភាពនៅប្រទេសកម្ពុជា ដែលជាកត្ដាចាំបាច់បំផុត។

ក្រុមបវរកញ្ញាបានបន្តថា ពួកគេពិតជាពេញចិត្តចំពោះអ្វីដែលកំពុងមានក្នុងប្រទេសដ៏សុខសាន្តមួយនេះ ហើយបានសន្យាចំពោះមុខឯ ឧ រដ្ឋមន្ត្រី ថោង ខុន ថាពួកគេនឹងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាទៅពិភពលោក ឱ្យអស់ពីលទ្ធភាព ពីព្រោះកម្ពុជាពិតជាស័ក្តិសមចំពោះដំណើរទេសចរណ៍វប្បធម៌ និងធម្មជាតិណាស់។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណចំពោះក្រុមបវរកញ្ញាទាំងអស់ ពិសេសគណៈកម្មការកម្មវិធីប្រកួតបវរកញ្ញាភពផែនដីនេះផងដែរ ដែលបានជ្រើសរើសកម្ពុជាជាប្រទេសធ្វើការប្រកួតប្រជែងនេះ ព្រោះវាជាការរួមចំណែកយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយអំពីកម្ពុជាប្រាប់ពីពិភពលោក ពិសេសគឺតំបន់ទេសចរណ៍ដ៏សម្បូរបែប ។ ឯកឧត្តមបានអំពាវនាវដល់ភ្ញៀវទេសចរអន្តរជាតិទាំងឡាយ សូមអញ្ជើញមកទស្សនាកម្សាន្តនៅកម្ពុជាឱ្យបានច្រើនកុះករ «កម្ពុជាមានសន្តិភាព សន្តិសុខល្អប្រសើរ មានកន្លែងទេសចរណ៍ជាច្រើន កំពុងត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្ដៅ»។

សូមជម្រាបថា ការប្រកួតបវរកញ្ញាភពផែនដី ឆ្នាំ២០១៩នេះ ត្រូវបានបញ្ចប់ហើយ ដែលជ័យលាភីលេខ១ បានទៅលើបវរកញ្ញាមកពីអាហ្វ្រិកខាងត្បូង លេខ២បានទៅលើថៃ លេខ៣បានទៅលើម៉ាឡេស៊ី លេខ៤បានទៅលើប៉ារ៉ាហ្គាយ លេខ៥បានទៅលើហ្វីលីពីន និងលេខ៦បានទៅលើបវរកញ្ញាមកសហព័ន្ធរុស្ស៊ី ពិសេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់មានសម្លៀកបំពាក់ប្រពៃណីស្អាតជាងគេផងដែរ ។ ក្នុងពេលស្នាក់នៅ និងទស្សនកិច្ចនៅខេត្តសៀមរាប បានធ្វើសកម្មភាពមនុស្សធម៌នៅមន្ទីរ ពេទ្យកុមារអង្គរ ដាំដើមឈើ និងដើរទស្សនកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅរមណីយដ្ឋានអង្គរផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner