ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធសាខាទួលសង្កែថ្មី ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរបស់អតិថិជន
ភ្នំពេញ៖ គណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតានៅកម្ពុជា បានរៀបចំពិធីសូត្រមន្ត កាលពីចុងសប្តាហ៍មុននេះ ដើម្បីបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយកន្លែងទៀត គឺសាខាទួលសង្កែ ក្នុងគោលបំណងបំពេញតាមកំណើនតម្រូវការរបស់អតិថិជន។

សាខាថ្មីនេះ មានអាសយដ្ឋានស្ថិតនៅឃ្លាំងលេខ២១អា ផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលពិធីខាងលើនេះ រៀបចំឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន ព្រមទាំងវត្តមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនរូបទៀតផងដែរ ។

នាឱកាសនោះដែរ នាយកសាខាថ្មីរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទួលសង្កែ បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា “ពួកយើងទាំងអស់គ្នាបានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសម្រិតសម្រាំងជ្រើសរើសយកអ្នកជំនាញឯកទេសយ៉ាងពិតប្រាកដ ក៏ដូចជាបុគ្គលិកបម្រើការងារប្រកបដោយវិជ្ជាជីវៈ ដើម្បីមកផ្តល់សេវាកម្មយ៉ាងល្អបំផុតជូនដល់អតិថិជន”។

គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល២៦ឆ្នាំមកហើយ ដោយសង្កេតឃើញថា សន្ទុះ និងការគាំទ្រពីអតិថិជនមានការកើនឡើងឥតឈប់ឈរ និងដើម្បីបំពេញតម្រូវការ ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនផងដែរនោះ ទើបក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្រេចបង្កើតសាខាថ្មីមួយទៀត ដែលមានបម្រើសេវាកម្មដូចជា៖ លក់រថយន្តថ្មី ផ្តល់សេវាកម្មជួលជុលរថយន្ដ និងផ្គត់ផ្គង់គ្រឿងបន្លាស់។

នាយកសាខាថ្មីរូបនេះ បានបន្ថែមទៀតថា បន្ទាប់ពីការពង្រីកសាខាជាច្រើនមកនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សង្ឃឹមយ៉ាងមុតមាំថា សាខាថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជន ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះ តូយ៉ូតាមានទីស្នាក់ការបណ្ដោះអាសន្នចំនួន៣កន្លែង និងសាខាចំនួន៦កន្លែង សម្រាប់បំពេញសេចក្តីត្រូវការរបស់អតិថិជន ក្នុងនោះក៏មានសាខាតាមខេត្តចំនួន២ផងដែរ គឺសាខាខេត្តបាត់ដំបង និងខេត្តសៀមរាប៕ធ.ដ



