អាម៉េរិក-ចិន ត្រៀមបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ចុងខែមីនានេះ
សហរដ្ឋអាម៉េរិក និងចិន ជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ ដែលនឹងធ្វើឲ្យភាគទាំងពីរបន្ថយការដំឡើងពន្ធខ្លះលើមុខទំនិញ ក្នុងពេលដែលប្រទេសទាំងពីរមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា នេះបើតាមការរបាយការណ៍មួយ ចេញផ្សាយកាលពីថ្ងៃទី៣ មីនាម្សិលមិញ។

សារព័ត៌មាន Wall Street Journal ដែលបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះនៃភាគីទាំងពីរបានឲ្យដឹងថា ក្រុមអ្នកចរចាទាំងអាម៉េរិក និងចិន បានធ្វើឲ្យមានដំណើរការល្អ ហើយឈានដល់ការសម្របសម្រួលចុងក្រោយ ពោលគឺជិតនឹងត្រូវធ្វើកិច្ចព្រមព្រៀងផ្លូវការហើយ។

កិច្ចព្រមព្រៀងខាងមុខនេះ នឹងទទួលការស្វាគមន៍ពីទីផ្សារហិរញ្ញវត្ថុ ដែលបានរងនឹងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។ ប្រភពបន្ថែមទៀតថា ការចរចាកាលពីខែមុន នៅវ៉ាស៊ីងតោន បានជួយឲ្យជម្លោះពាណិជ្ជកម្មរួមតូច មានន័យថា កិច្ចព្រមព្រៀងផ្លូវការប្រហែលជាត្រៀម នៅពេលដែលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនភីង ជួបគ្នានៅចុងខែមីនានេះ ខណៈដែលលោក ស៊ី ត្រូវបំពេញទស្សនកិច្ចនៅអឺរ៉ុប៕ធ.ដ



