កម្ពុជាសង្ឃឹមថានឹងទទួលបានបទពិសោធន៍ច្រើនពីអ្នកជំនាញមកពីសហព័ន្ធប៉េតង់អន្តរជាតិ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោកឆ្នាំ២០១៩
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកកម្ពុជា កាលពីម្សិលមិញ នៅសាលនាយកដ្ឋានកីឡានៃពហុកីឡដ្ឋានជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងទទួលបានបទពិសោធន៍ច្រើន ពីអ្នកជំនាញមកពីសហព័ន្ធប៉េតង់អន្តរជាតិ សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ ជើងឯកពិពភលោកឆ្នាំ២០១៩ខាងមុខនេះ។
ឯកឧត្តម ប៊ូ ជុំសេរី មានប្រសាសន៍ថា វត្តមានរបស់ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក និងនាយកបច្ចេកទេស មកចែករំលែកបទពិសោធន៍ដល់អជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកកម្ពុជា គឺជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា។ ឯកឧត្តម បន្តថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចែកចេញជា២វគ្គ ដោយវគ្គទី១ បង្រៀនដោយលោក Claude Azema ផ្តោតសំខាន់ទៅលើវិធីសាស្រ្ត ក្នុងការធ្វើជាអាជ្ញាកណ្តាល ចៅក្រម សម្រាប់ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាប៉េតង់ជើងឯកពិភពលោក ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការប្រឡងបច្ចេកទេសស្វែងរកមន្ត្រីអាជ្ញាកណ្តាល និងចៅក្រមណាដែលល្អៗទទួលបានពិន្ទុខ្ពស់ ក្នុងវគ្គសិក្សានេះនឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតនាចុងឆ្នាំនេះ។
រីឯវគ្គទី២ បង្រៀនដោយនាយកបច្ចេកទេសនៃសហព័ន្ធប៉េតង់ពិភពលោក គឺលោក Victor Nataf ផ្តោតសំខាន់លើវគ្គសិក្សាគ្រូបង្វឹក ដើម្បីយកចំណេះដឹងផ្នែកកីឡាប៉េតង់នេះទៅបន្តការបង្រៀនដល់សិស្សសាលាយុវជននានា នៅតាមបណ្តាលខេត្ត-រាជធានី ក្នុងគោលដៅអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅកម្ពុជា។ ឯកឧត្តម ជឿជាក់ថា ការទទួលធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោករបស់កម្ពុជា សហព័ន្ធកីឡាប៉េតង់ពិភពលោក នឹងបញ្ជូនអាជ្ញាកណ្តាល ចៅក្រមត្រឹមតែ៥ទៅ៦នាក់ ក្រៅពីនោះប្រើប្រាស់ធនធានក្នុងស្រុក ដែលអាស្រ័យទៅលើប្រទេសដែលចូលរួម ប៉ុន្តែយើងនឹងពិភ្សាគ្នានាពេលខាងមុខថា តើនឹងត្រូវប្រើប្រាស់អាជ្ញាកណ្តាល ចៅក្រមប៉ុន្មាននាក់ ដើម្បីឲ្យសមស្របទៅតាមតម្រូវការជាក់ស្តែង។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកនេះ មានសិក្ខាកាមចូលរួម ចំនួន៣២នាក់ ឧទ្ទេសនាមដោយលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក និងលោក Victor Nataf នាយកបច្ចេកទេសសហព័ន្ធប៉េតង់ពិភពលោក បន្ទាប់ពីវគ្គនេះរួច លោក Claude Azema និងលោក Victor Nataf នឹងចុះពិនិត្យមើលហេដ្នារចនាសម្ពន្ធ័កីឡាប៉េតង់ នៅពហុកីឡដ្នានជាតិ សម្រាប់ត្រៀមរៀបចំការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៩ ខាងមុខនេះ៕ម.ន