កាកបាទក្រហមកម្ពុជាផ្ដល់អំណោយអង្ករ១០៨តោន ជូនអនុសាខាកាកបាទក្រហមខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយមនុស្សធម៌ជាអង្ករចំនួន១០៨តោនជូន ដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១២ ចំណុះឲ្យរាជធានីភ្នំពេញ ដើម្បីបន្តធ្វើសកម្មភាពមនុស្សធម៌ជូនដល់ជនរងគ្រោះ និងជនដែលងាយរងគ្រោះ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាអូរបែកក្អម ក្នុងសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ១០ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០១ មីនា ឆ្នាំ២០១៩។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងតួនាទីជាជំនួយការ ឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើនក្នុងការជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះរួមមានចាស់ជរាស្ត្រីមេម៉ាយ កុមារជនពិការ និងទុរគតជនជាដើម។ ក្នុងនោះ ទោះបីជាមិនអាចសម្រាលនូវទុក្ខវេទនារបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ឲ្យផុតពីទុក្ខលំបាកបាន១០០ភាគរយក្តី ប៉ុន្តែអ្វីដែលសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌ប្រចាំថ្ងៃនេះ គឺជារឿងបេសកកម្មដ៏ឧត្តុង្គឧត្តម ដែលបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ លើកកម្ពស់គាំពារថែរក្សា និងផ្ដល់តម្លៃមនុស្សជាតិ។

លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រួលទៅដល់ខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។ លោកជំទាវ បន្តថា ក្នុងនាមតំណាងឲ្យកាកបាទ ក្រហមកម្ពុជា លោកស្រី និងខិតខំកៀងគររកជំនួយមនុស្សធម៌បន្ថែមទៀត ដើម្បីរួមចំណែកក្នុងរាជរដ្ឋាភិបាលជួយជនរងគ្រោះ និងជនដែលងាយរងគ្រោះ កាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់បាយស្លាប់ដែលយើងមិន ដឹងនោះទេ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner