ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាត់ចោលសេចក្តីសម្រេចរបស់សហរដ្ឋអាម៉េរិក និងរុស្ស៊ី ស្តីពីប្រទេសវ៉េណេស៊ុយអេឡា
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC បានច្រានចោលសេចក្តីសម្រេចប្រជែងគ្នាអំពីវ៉េណេស៊ុយអេឡា ដែលធ្វើឡើងដោយអាម៉េរិក និងរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ខណៈរុស្ស៊ី និងចិនបានបោះឆ្នោតវ៉េតូការអំពាវនាវរបស់អាម៉េរិកឱ្យមានការបោះឆ្នោតជាថ្មី និងសំណើរបស់រុស្ស៊ីបរាជ័យក្នុងការទទួលបានការគាំទ្រគ្រប់គ្រាន់។
ការឆ្នោតជំទាស់ ឬ វ៉េតូ នេះ បានឆ្លុះបញ្ចាំងពីការបែកបាក់នៅក្នុងស្ថាប័នដ៏មានអំណាចបំផុតរបស់អង្គការសហប្រជាជាតិ ជុំវិញជម្លោះនយោបាយនៅវ៉េណេស៊ុយអេឡារវាងប្រធានាធិបតីលោកនីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវបានគាំទ្រដោយរុស្ស៊ី និងចិន ចំណែក មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡាលោក ចូអាន់ ហ្គៃដូ ដែលត្រូវបានគំាទ្រដោយអាម៉េរិក និងបណ្តាប្រទេសដទៃទៀតជាង៥០។
គួរបញ្ជាក់ផងដែរថា ជម្លោះនយោបាយនេះ បានបង្កឡើងដោយវិបត្តិមនុស្សធម៌ដ៏ធ្ងន់ និងការដួលរលំសេដ្ឋកិច្ចនៅក្នុងប្រទេសសម្បូរប្រេងមួយនេះ ដោយបានបង្ខំឱ្យប្រជាជនវ៉េណេស៊ុយអេឡាចំនួនប្រហែល១ភាគ១០ភៀសខ្លួនចេញពីប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ម.ន