មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយមេបញ្ជាការ នៃបញ្ជាការដ្ឋានយោធាទិសខាងត្បូងនៃសាធារណរដ្ឋប្រជាមានិតចិន

ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ២៨កុម្ភៈម្សិលមិញ ដែលជាថ្ងៃទី៤ នៃដំណើរ ទស្សនកិច្ច ត្រូវបានទទួលស្វាគមន៍ដោយមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាទិសខាងត្បូងនៃប្រទេសចិន លោកឧត្តមនាវីឯក យ័ន្ត យូបូ (Yuan Yubo ) ស្ថិតនៅទីក្រុងក្វាងចូវ ប្រទេសចិន ។

ក្នុងជំនួបនោះ លោកឧត្តមនាវីឯក យ័ន្ត យូបូ បានចាត់ទុកជំនួបនោះថា គឺជាទំនាក់ទំនងល្អ ដែលអនុវត្តតាម យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកឧត្តមនាវីឯក បានបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់កងយោធពលខេមរភូមិន្ទ ទាំងការកសាងធនធាន មនុស្ស និងសម្ភារ។  ជាកិច្ចឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ លោកឧត្តមនាវីឯក យ័ន្ត យូបូ (Yuan Yubo ) ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ ឯកឧត្តមបានបន្តថា ជំនួបនៃប្រទេសទាំងពីរកម្ពុជា-ចិន នៅពេលនេះ ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិនដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរឹងមាំនៅក្នុងដំណើរការ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។

សូមបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូកងទ័ពជើងគោកកម្ពុជានៅសាធារណរដ្ឋ ប្រជាមានិតចិន បានបញ្ចប់ទៅដោយជោគជ័យ ក្រោមបរិយាកាសទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការរឹងមាំ និងគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ នៅក្នុងដំណើរបំពេញទស្សនកិច្ច និងស្នាក់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន គណ:ប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិន រួមមានសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន អនុប្រធានគណ:កម្មការយោធាមជ្ឈិមនៃកងទ័ព រំដោះប្រជាជនចិន មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner